រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីស៊ីរី និយាយប្រាប់សមភាគីអ៊ុយក្រែននៅថ្ងៃចន្ទនេះថា ទីក្រុងដាម៉ាស់សង្ឃឹមថានឹងមានភាពជាដៃគូយុទ្ធសាស្រ្តជាមួយអ៊ុយក្រែន ស្របពេលទីក្រុងគីវ ងាកមកបង្កើតទំនាក់ទំនងការទូតជាមួយក្រុមមេដឹកនាំអ៊ីស្លាមថ្មីរបស់ស៊ីរី ស្របពេលឥទ្ធិពលរបស់រុស្ស៊ីធ្លាក់ចុះ ។

រុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោកប្រធានាធិបតី Bashar al-Assad ដែលត្រូវបានទម្លាក់ចេញពីតំណែង ហើយពួកគេបានផ្តល់សិទ្ធិជ្រកកោនដល់អតីតមេដឹកនាំម្នាក់នេះ ។
ទីក្រុងម៉ូស្គូ និយាយថា ពួកគេកំពុងទាក់ទងជាមួយរដ្ឋបាលថ្មីនៅក្នុងទីក្រុងដាម៉ាស់ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន រួមទាំងជោគវាសនានៃមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី ។
រដ្ឋមន្រ្តីការបរទេសទើបទទួលបានការតែងតាំងថ្មីរបស់ស៊ីរីលោក Asaad Hassan al-Shibani បាននិយាយប្រាប់សមភាគីអ៊ុយក្រែនលោក Andrii Sybiha ថា នឹងមានការរួមចំណែក និងភាពជាដៃគូយុទ្ធសាស្រ្ត រវាងពួកយើង និងអ៊ុយក្រែន លើបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមផងដែរ ។
លោក Sybiha ដែលបានជួបជាមួយមេដឹកនាំតាមព្រឹត្តន័យថ្មីរបស់ស៊ីរីលោក Ahmed al-Sharaa នៅក្នុងទីក្រុងដាម៉ាស់នាថ្ងៃចន្ទនេះ និយាយថា អ៊ុយក្រែននឹងដឹកជញ្ជូនជំនួយស្បៀងអាហារបន្ថែមទៀត ដល់ស៊ីរី ក្រោយការមកដល់តាមរំពឹងទុកនូវជំនួយម៉្សៅទម្ងន់ ៥០០តោន នៅថ្ងៃអង្គារស្អែកនេះ ៕

