រដ្ឋាភិបាលក្រិក នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ) បានប្រកាសនូវយុទ្ធសាស្ត្ររបស់ជាតិ ដើម្បីការពារអនីតិជនកុំឱ្យញៀនប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមច្រើនពេក។
នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយថា ការការពារសុខុមាលភាពរបស់កុមារ គឺជាកត្តាចាំបាច់ ក្នុងសង្គម ទោះបីជាលោកបានលើកឡើងពីភាពមិនច្បាស់លាស់ ទាក់ទងនឹងប្រសិទ្ធភាពនៃការហាមឃាត់ទាំងស្រុងលើបណ្ដាញសង្គមក៏ដោយ។
ផ្ទុយទៅវិញ លោកបាននិយាយថា បញ្ហាប្រឈម សម្រាប់ពេលអនាគត គឺថា តើត្រូវរចនាកម្មវិធីនានា ដោយគិតដល់កុមារ និងក្មេងជំទង់យ៉ាងដូចម្ដេច។
លោក Mitsotakis កំពុងនិយាយនៅក្នុងកម្មវិធីជជែកដេញដោលជាមួយក្មេងៗអាយុ ១៦ឆ្នាំ ជាផ្នែកនៃព្រឹត្តិការណ៍ ដើម្បីចាប់ផ្តើមយុទ្ធសាស្រ្តដែលសសរស្តម្ភដ៏សំខាន់របស់វា កំពុងពង្រឹងដល់ការគ្រប់គ្រងពីឪពុកម្ដាយ ការផ្ទៀងផ្ទាត់អាយុ និងការចូលរួមពាក់ព័ន្ធជាមួយវេទិការបស់បណ្ដាញសង្គម។
នៅថ្ងៃចន្ទនេះ ក្រិកបានបើកដំណើរការគេហទំព័រពិសេសមួយ ដោយផ្តល់នូវនីតិវិធី និងការណែនាំងាយៗ សម្រាប់អ្នកប្រើប្រាស់ លើមុខងារគ្រប់គ្រងពីឪពុកម្ដាយ ហើយនៅឆ្នាំក្រោយ ប្រទេសនេះនឹងដាក់ឱ្យដំណើរការកម្មវិធីឌីជីថលដែលនឹងបម្រើជាប្រព័ន្ធគ្រប់គ្រងពីឪពុកម្ដាយ និងផ្ទៀងផ្ទាត់អាយុ៕


