យោងតាមប្រភពវេជ្ជសាស្រ្ត បានឲ្យដឹងថា អាកាសធាតុត្រជាក់នៅតំបន់ហ្កាហ្សា បានឆក់យកជីវិតទារកម្នាក់ទៀត ដែលជាទារកទី ៦ បានស្លាប់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ស្របពេលអ៊ីស្រាអែល បន្តការវាយប្រហារឥតឈប់ឈររបស់ពួកគេលើមន្ទីរពេទ្យនៅទូទាំងដែនដីបិទច្រកមួយនេះ ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ទារក Ali al-Batran អាយុ ១ខែ បានស្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងមន្ទីរពេទ្យ Al-Aqsa Martyrs ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
ឪពុករបស់ទារកនិយាយថា កាលពីរយៈពេល ១ថ្ងៃមុន បងប្អូនភ្លោះ Jumaa al-Batranរបស់កូនគាត់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់នៅក្នុងសំពត់តង់គ្រួសារជម្លៀសខ្លួនរបស់លោក ស្ថិតក្នុងជំរំ Deir el-Balah ។ ទារកទាំង ២នាក់ កើតមិនគ្រប់ខែនោះទេ ។
កងកម្លាំងអ៊ីស្រាអែល បានធ្វើឲ្យមនុស្សស្ទើតែ ២,៣លាននាក់នៅក្នុងតំបន់ហ្កាហ្សា ជម្លៀសខ្លួន បង្ខំឲ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ រស់នៅក្នុងសំពត់តង់បណ្តោះអាសន្ន តាមជំរំកណ្តាលវាល ជាមួយនឹងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅតាមតំបន់ឆ្នេរសមុទ្រ ។
ទារក ៣នាក់ ក្នុងចំណោមទារកប៉ាឡេស្ទីន ៦នាក់ ដែលបានស្លាប់ ដោយសារការធ្លាក់ចុះកម្តៅក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ បានរស់នៅក្នុងតំបន់សុវត្ថិភាព al-Mawasi ស្ថិតនៅជិតទីក្រុងភាគខាងត្បូង Khan Younis ៕

