ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួននឹងគាំទ្រគម្រោងដែលមានតម្លៃ ៦០លានអឺរ៉ូ (៦២,៧លានដុល្លារ) នៅប្រទេសស៊ីរី ដើម្បីលើកកម្ពស់ការអប់រំ សិទ្ធិស្ត្រី និងវិស័យផ្សេងៗទៀត បន្ទាប់ពីរបបរបស់ប្រធានាធិបតី Bashar al-Assad បានដួលរលំ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ លោកស្រី Svenja Schulze បាននិយាយថា «ឱកាសជាប្រវត្តិសាស្ត្រ» បានចាប់ផ្ដើមមានហើយ ចាប់តាំងពីក្រុមឧទ្ទាម បានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ដោយបានបង្ខំឲ្យលោក Assad ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីមានសង្គ្រាមស៊ីវិលជាង ១៣ឆ្នាំ និងបានបញ្ចប់ការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់គ្រួសារលោក។

លោកស្រី បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «អ្វីដែលនឹងកើតឡើងបន្ទាប់ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ ប៉ុន្តែឱកាស សម្រាប់ការអភិវឌ្ឍជាវិជ្ជមាន គឺមានហើយ ហើយឥឡូវនេះ យើងគួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រឱកាសនោះ»។
គម្រោងប្រមាណជាពាក់កណ្តាល ត្រូវបានផ្តោតលើការអប់រំ ដោយទឹកប្រាក់ ២៥លានអឺរ៉ូរត្រូវផ្ដល់ទៅទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF ហើយ ៦លានអឺរ៉ូ ត្រូវផ្ដល់ទៅក្រុមជំនួយ Arche Nova ដែលគ្រប់គ្រងសាលារៀន សម្រាប់កុមារប្រហែល ៣.០០០នាក់។
សេចក្តីថ្លែងការណ៍នោះបានឱ្យដឹងបន្ថែមថា ទឹកប្រាក់ចំនួន ១៩លានអឺរ៉ូផ្សេងទៀត នឹងផ្ដល់ឱ្យទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP អង្គការក្រៅរដ្ឋាភិបាលស៊ីរី នឹងទទួលបាន ៧លានអឺរ៉ូ ហើយ ៣លានអឺរ៉ូនឹងផ្ដល់ទៅមូលនិធិពិសេសរបស់អង្គការសហប្រជាជាតិដែលគាំទ្រក្រុមស្ត្រីស៊ីរី។
ក្រសួងបានបញ្ជាក់ថា គម្រោងទាំងអស់ នឹងត្រូវដំណើរការតាមរយៈអង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ មិនមែនអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីនោះទេ៕
