ផ្លូវជនបទជាច្រើន ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍប្រែក្លាយទៅជាផ្លូវបេតុងជា បណ្តើរៗ ជាពិសេសនៅតំបន់ប្រជុំជន សំដៅលើកកម្ពស់គុណភាពផ្លូវ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង ដែលជាការចូលដល់ការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ, ផ្លាកឈ្មោះផ្លូវ, និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី ៣០ ធ្នូ នេះថា ជុំវិញការអភិវឌ្ឍន៍ជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដោតសំខាន់ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលជាតម្រូវការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការ តភ្ជាប់ផ្លូវជនបទ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើ គមនាគមន៍របស់ប្រជាពលរដ្ឋ និងការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម និងការទទួលបានសេវាសាធារណៈនានា នៅគ្រប់រដូវកាល ដោយចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទនេះ, គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ ជនបទ, ប៉ុន្តែការប្រឈមក្នុងការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការថវិកាច្រើន ជាពិសេសការធានាគុណភាពឱ្យធន់ នឹងការប្រែប្រួលអាកាសធាតុ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពី ស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍនៅកម្ពុជា ចុះផ្សាយកាលពីឆ្នាំ២០២៣ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យ GDP ធ្លាក់ចុះ ៩% គិតត្រឹមឆ្នាំ ២០៥០ និងអត្រានៃភាពក្រីក្រកើនឡើង ៦% គិតត្រឹមឆ្នាំ ២០៤០ ប្រសិនបើពុំមានដំណោះស្រាយ។ ក្នុងចំណោមនៃការដំណោះស្រាយ គឺអាចចូលរួមក្នុងការកាត់បន្ថយហានិភ័យនេះបានរួមមាន៖ ការបង្កើននូវបណ្តាញផ្លូវតភ្ជាប់ និង សាងសង់ផ្លូវឱ្យធន់នឹងការប្រែប្រួល ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងវប្បធម៌នៅតំបន់ជនបទ។
ជាក់ស្តែងផ្លូវក្រាលបេតុងខាងលើ ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនេះ, ឯកឧត្តមរដ្ឋលេខាធិការ វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តសម្រេចបានល្អប្រសើរ។ នេះគឺជាការចូល រួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មានផ្លូវល្អប្រកបដោយ គុណភាព សម្រាប់សម្រួលការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តម ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានស្តារ ប្រទេសជាតិពីបាតដៃទទេ ឈានមកការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវ បេតុងនេះជាដើម ។ ទាក់ទិនបញ្ហាផ្លូវនេះ ឯកឧត្តម ក៏បានអំពាវនាវ សូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែទាំងផ្លូវ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ជាសាធារណៈ៕
អត្ថបទ៖ សុន រ៉ាឌី

















