ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលការបុកនឹងហ្វូងបក្សីក្នុងចំណោមបុព្វហេតុដែលអាចនាំទៅរកគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់កូរ៉េខាងត្បូងក្នុងប្រវត្តិសាស្ត្រ។

ជើងហោះហើរ 7C2216 របស់ក្រុមហ៊ុនអាកាសចរណ៍Jeju Air បានបុកជញ្ជាំងនៅអាកាសយានដ្ឋានអន្តរជាតិមូអាន (Muan) កាលពីថ្ងៃអាទិត្យ ២៩ ខែធ្នូ ឆក់យកជីវិតមនុស្ស១៧៩នាក់ ខណៈមនុស្ស២ នាក់ក្នុងចំណោមមនុស្សសរុបលើយន្តហោះ ១៨១នាក់ មានសំណាងរួចផុតពីសេចក្ដីស្លាប់ នៅពេលយន្តហោះចុះចតដោយពុំមានឧបករណ៍សម្រាប់ចុះចត រួចបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកនឹងជញ្ជាំងបណ្ដាលឲ្យយន្តហោះផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

ប៉ុន្មាននាទីមុនពេលឧបទ្ទវហេតុយន្តហោះ ក្រុមអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានព្រមានអំពីឧបសគ្គរបស់ហ្វូងបក្សី ហើយអ្នកបើកបរបានចេញការព្រមានពីការគំរាមកំហែងដល់អាយុជីវិត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអាកាសចរណ៍មានការសង្ស័យថា ការវាយប្រហាររបស់បក្សីគឺជាមូលហេតុតែមួយគត់ ដោយព្រមានថាកត្តាផ្សេងទៀតទំនងជារួមចំណែកនៃឧបទ្ទវហេតុយន្តហោះនេះ។

លោក Matt Driskill និពន្ធនាយកនៃទស្សនាវដ្ដី Asian Aviation បាននិយាយថា ខណៈការប៉ះទង្គិចគ្នារវាងយន្តហោះក្នុងពេលកំពុងហោះហើរ និងសត្វស្លាបមិនមែនជារឿងចម្លែកនោះទេ ការវាយប្រហាររបស់បក្សីទំនងជាមិនប៉ះពាល់ដល់ការទម្លាក់ឧបករណ៍ចុះចតនោះទេ។
លោកបានប្រាប់កម្មវិធី CNA's Asia First មួយថ្ងៃបន្ទាប់ពីសោកនាដកម្មនេះថា អាថ៌កំបាំងសម្រាប់ខ្ញុំគឺហេតុអ្វីបានជាហ្គែចុះចតមិនត្រូវបានទម្លាក់ចុះ។ វាមើលទៅដូចជាឧបករណ៍ចុះចតជាប់គាំងក្នុងតួយន្តហោះ។
នេះហាក់ដូចជាការកើតឡើងដ៏កម្រ។ ការវាយប្រហាររបស់ហ្វូងបក្សីប៉ះពាល់ដល់ឧបករណ៍ចុះចតគឺជាអ្វីដែលខ្ញុំមិនដែលបានឮ៕