ប្រមុខអង្គការសុខភាពពិភពលោកកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារលើមន្ទីរពេទ្យនៅដែនដីហ្កាហ្សា បន្ទាប់ពីការវាយប្រហារនិងវាយឆ្មក់របស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គ X ថាមន្ទីរពេទ្យនៅហ្កាហ្សាបានក្លាយជាសមរភូមិម្តងទៀត ហើយប្រព័ន្ធសុខាភិបាលកំពុងស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។

យើងសូមនិយាយម្តងទៀត បញ្ឈប់ការវាយប្រហារលើមន្ទីរពេទ្យ។ ប្រជាជននៅតំបន់ហ្កាហ្សាត្រូវការសិទ្ធិទទួលបានការថែទាំសុខភាព។ ក្រុមផ្ដល់ជំនួយមនុស្សធម៌ត្រូវការសិទ្ធិចូលចែកចាយជំនួយសុខភាព។ ឈប់បាញ់ប្រហារទៀតទៅ។

ចាប់តាំងពីពេលនោះមក កងកម្លាំងអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកទៅលើតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់មនុស្ស ៣០នាក់ក្នុងនោះមាន ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទៅលើមន្ទីរពេទ្យ al-Wafa របស់ទីក្រុងហ្កាហ្សា។
កងកម្លាំងអ៊ីស្រាអែលក៏បានឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ២៤០នាក់ រួមទាំងបុគ្គលិកពេទ្យរាប់សិបនាក់ពីមន្ទីរពេទ្យ Kamal Adwan កាលពីថ្ងៃសុក្រ ក្នុងចំណោមពួកគេ មាននាយកមន្ទីរពេទ្យលោក Hussam Abu Safiya នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងយោធាអ៊ីស្រាអែល។
លោកTedros ដែលកាលពីសប្តាហ៍មុនត្រូវបានជាប់ខ្លួននៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានសំខាន់របស់ប្រទេសយេម៉ែន ដែលរូបលោកបាននិយាយថាអាចបណ្តាលឱ្យលោកបាត់បង់ជីវិត បានអំពាវនាវឱ្យមានការដោះលែងប្រធានមន្ទីរពេទ្យលោក Abu Safiya ជាបន្ទាន់ ហើយបាននិយាយថាមន្ទីរពេទ្យ Al-Ahli ក៏ប្រឈមនឹងការវាយប្រហារផងដែរ៕