បាល់ទាត់៖ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានអបអរប្រកួតទី ១០០ របស់ខ្លួនក្នុងការបង្ហាញខ្លួននៅក្របខណ្ឌ UEFA Champions League ជាមួយនឹង Hat-Trick ឱ្យ Bayern Munich យកឈ្នះ Benfica ៥-២ កក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ។

អតីតខ្សែប្រយុទ្ធ Dortmund រូបនេះបើកការនាំមុខនៅនាទីទី២៦ មុនពេលដែល Serge Gnabry បន្ថែមគ្រាប់ទីពីរនៅនាទីទី៣២ ខណៈ Benfica តបបានមួយគ្រាប់មុនចប់វគ្គទី១ ដោយ Rodrigues da Silva។ ចូលវគ្គទី២ Leroy Sane បន្ថែមការនាំមុខឱ្យ Bayern Munich ៣-១ នៅនាទីទី៤៩ មុនពេលដែល Lewandowski រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី៦១ ខណៈ Benfica តបបានមួយគ្រាប់ទៀតដោយ Darwin Nunez។ ឈានដល់នាទីទី៨៤ Robert Lewandowski រកបានគ្រាប់ទី៣ របស់ខ្លួនដែលជាគ្រាប់ចុងក្រោយក្នុងការប្រកួតឱ្យ Bayern Munich យកឈ្នះ Benfica ៥-២។ ខ្សែប្រយុទ្ធប៉ូឡូញរូបនេះនៅពេលនេះស៊ុតបញ្ចូលទីបាន ៨១គ្រាប់ហើយក្នុងការបង្ហាញខ្លួនប្រកួតទី ១០០ នៅ Champions League និងជា Hat-Trick លើកទី៤ ផងដែរនៅ UCL នេះ។

Lewandowski នៅតែបន្តការស៊ុតបញ្ចូលទីរបស់ខ្លួនឥតស្រាកស្រាន្ត ពោលគឺរដូវកាលនេះគេរកបាន ២២គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១៨ប្រកួតឱ្យ Bayern Munich រដូវកាលនេះដែលបូករួមទាំង ៨គ្រាប់ក្នុងបួនប្រកួតនៅ UCL នេះ។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Julian Nagelsmann កក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយក្រោយឈ្នះទាំង ៤ប្រកួតមាន ១៦ពិន្ទុពេញ។ លេខ២ ក្នុងពូល E នេះគឺ Barcelona ដែលបានយកឈ្នះប្រកួតទី២ របស់ខ្លួនទៅលើក្រុមម្ចាស់ផ្ទះអ៊ុយក្រែន Dynamo Kyiv ១-០ ដោយគ្រាប់បាល់របស់ Ansu Fati នៅនាទីទី៧០៕
អត្ថបទ៖នាង សុភាវុធ