ការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីទៅនឹងការកាត់ផ្ដាច់បណ្ដាញខ្សែកាបក្រោមបាតសមុទ្ររវាងហ្វាំងឡង់ និងអេស្តូនី កំពុងបង្កើនការភ័យខ្លាចថ្មីជុំវិញការបំផ្លិចបំផ្លាញនៃខ្សែបណ្ដាញថាមពលសំខាន់ៗ។

ឧបទ្ទវហេតុថ្មីបានកើតឡើង ខណៈភាពតានតឹងរវាងលោកខាងលិចនិងរុស្ស៊ីនិងចិនបានកើនឡើងជុំវិញសង្រ្គាមនៅអ៊ុយក្រែន ហើយស្របពេលពិភពលោកកំពុងត្រៀមទប់ទល់នឹងការផ្លាស់ប្តូរមេដឹកនាំរបស់សហរដ្ឋអាមេរិក នៅពេលប្រធានាធិបតីជាប់ឆ្នោតលោកTrump ត្រៀមឡើងកាន់តំណែង។

ខ្សែកាបថាមពល Estlink-2 រវាងហ្វាំងឡង់ និងអេស្តូនី ត្រូវបានកាត់ផ្ដាច់នៅថ្ងៃបុណ្យណូអែល ដោយនាវាដែលមានទង់ជាតិរបស់ប្រទេសប្រជុំកោះខូក(Cook Island) ហៅថា Eagle S. ។មន្ត្រីលោកខាងលិចអះអាងថា នាវានេះគឺជាផ្នែកមួយនៃកងនាវាស្រមោលដ៏ធំរបស់រុស្ស៊ី ដែលធ្វើការដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច។

ឧបទ្ទវហេតុនេះបន្ថែមបញ្ហាធំមួយទាក់ទងនឹងសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធបាតសមុទ្រ ខណៈដែលប្រទេសចិនក៏ត្រូវបានចោទប្រកាន់ពីឧបទ្ទវហេតុចំនួនបីចាប់តាំងពីឆ្នាំ ២០២៣ ដែលបានរំខានដល់បណ្តាញអគ្គិសនីនៅក្នុងដែនទឹករបស់អឺរ៉ុប។
ខ្សែកាបរាប់សិបខ្សែត្រូវបានដាច់រហែកជារៀងរាល់ឆ្នាំ ជាធម្មតា ឬដោយចៃដន្យ ហើយគេមិនច្បាស់ថាតើព្រឹត្តិការណ៍ចុងក្រោយនេះមានចេតនាឬអត់នោះទេ។ ទោះជាយ៉ាងណា ក្រុមមេដឹកនាំអឺរ៉ុបកំពុងបង្ហាញក្ដីបារម្ភជុំវិញបញ្ហានេះ៕