លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់។
លោក ហម អរុណ គូសបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តបាត់ដំបងក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៤-២០២៥ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤មានចំនួន ៣៩,២៩៥នាក់ កើនឡើង ៣,៧៧ % បើធៀបឆ្នាំ២០២៣។ ចំណែកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ទទួលបានភ្ញៀវជាតិសរុបចំនួន៥៤,១១៤ នាក់ មានការកើនឡើង ៤,១៤ % បើធៀបឆ្នាំ២០២៣។
លោក ហម អរុណ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនាថ្ងៃចុងក្រោយ និងកម្មវិធីសប្បាយផ្សេងៗទៀតក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមរំលឹកថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែររយៈពេល៣ថ្ងៃនៅបរិវេណមុខអគារសាលាខេត្ត ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផលខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។អ្វីដែលកាន់តែពិសេសនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងមានរប្រគុំតន្ត្រីខ្នាតធំ ការអុជកាំជ្រួច និងរាប់ថយក្រោយឆ្លងឆ្នាំដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មីឆ្នាំសាកល៕








