វិបត្តិដែលនៅតែអូសបន្លាយរបស់ប្រទេសស៊ីរី បាននាំឱ្យមានការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ខ្លួន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃធនធានថាមពលធម្មតា។ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល ការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសនេះ បានធ្លាក់ចុះតិចជាង ២៥ ភាគរយនៃកម្រិតមុនសង្គ្រាម។

ការបំផ្លិចបំផ្លាញនៃរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គួបផ្សំនឹងការលំបាកក្នុងការធានាបាននូវប្រេងឥន្ធនៈដែលត្រូវការសម្រាប់ដំណើរការរោងចក្រនានា បានធ្វើឱ្យការផលិតថាមពលសរុបរបស់ប្រទេសស៊ីរីធ្លាក់ចុះក្រោមកម្រិតជាង ២.០០០មេហ្គាវ៉ាត់។

ការផ្គត់ផ្គង់មានកំណត់នេះ ត្រូវតែចែកចាយនៅទូទាំងខេត្តជាង១០ ។ យ៉ាងណាក៏ដោយ អគ្គិសនីមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ការដាច់ចរន្តអគ្គិសនីដែលនៅតែអូសបន្លាយ បានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីរី ដោយបង្ខំឱ្យមនុស្សជាច្រើនងាកទៅរកការប្រើប្រាស់ម៉ាស៊ីនភ្លើង និងអាគុយឯកជនដើម្បីផលិត និងរក្សាទុកថាមពល។
នៅទីក្រុង Zamalka ជាយរដ្ឋធានីដាម៉ាស (Damascus) បានស៊ូទ្រាំជាង ១៣ ឆ្នាំដោយគ្មានអគ្គិសនីផ្តល់ដោយរដ្ឋាភិបាល ជាទីដែលអ្នកស្រុកពឹងផ្អែកលើម៉ាស៊ីនភ្លើងឯកជន និងថាមពលពន្លឺព្រះអាទិត្យដើម្បីបំពេញតម្រូវការថាមពលរបស់ពួកគេ៕