មេធាវីរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានសភាបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បាននិយាយនៅថ្ងៃអង្គារទី៣១ ខែធ្នូសប្ដាហ៍នេះ ថា ដីកាចាប់ខ្លួនប្រធានាធិបតីគឺ ជាទង្វើខុសច្បាប់ និងគ្មានសុពលភាព ខណៈក្រុមអ្នកស៊ើបអង្កេតស្វែងរកការឃុំខ្លួនរូបលោកជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូឆ្នាំ២០២៤នេះ។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្ញើទៅសារព័ត៌មាន AFP ដោយមេធាវីលោក Yoon Kab-keun បាននិយាយថា ដីកាចាប់ខ្លួន ការស្វែងរក និងដីការឹបអូសដែលចេញតាមសំណើរបស់ទីភ្នាក់ងារដោយគ្មានអាជ្ញាធរស៊ើបអង្កេតគឺខុសច្បាប់ និងមិនត្រឹមត្រូវ ដោយបន្ថែមថា ស្ថាប័នដែលកំពុងស៊ើបអង្កេតលើមេដឹកនាំ ត្រូវបានព្យួរតួនាទីនោះ គឺខ្វះសិទ្ធិអំណាចស៊ើបអង្កេត។
មន្ត្រីការិយាល័យស៊ើបអង្កេតអំពើពុករលួយបាននិយាយថា ដីកានេះមានសុពលភាពរហូតដល់ថ្ងៃទី ៦ខែមករា ដោយបន្ថែមថាលោក Yoon អាចត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាល ឬមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល។
សារព័ត៌មានកូរ៉េខាងត្បូងបង្ហាញថា លោក Yoon ទំនងជាមិនត្រូវបានចាប់ខ្លួនភ្លាមៗទេ ព្រោះក្រុមអាជ្ញាធរត្រូវស្វែងរកការសម្របសម្រួលជាមួយសេវាសន្តិសុខប្រធានាធិបតីជាមុនសិន។

ប្រសិនបើលោក Yoon ត្រូវបានឃុំខ្លួន ក្រុមអ្នកស៊ើបអង្កេត នឹងមានពេលវេលាចំនួន៤៨ម៉ោង ដើម្បីសម្រេចថាតើត្រូវដាក់លិខិតសម្រាប់សុំដីកាឃុំខ្លួនលោកដើម្បីសាកសួរបន្ថែមទៀត ឬត្រូវដោះលែងរូបលោក៕