ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ បានចេញផ្សាយសារឆ្នាំថ្មីតាមវីដេអូមួយ ដែលលោកបានផ្តោតសំខាន់លើសន្តិភាព និងសន្តិសុខសុខភាព នៅក្នុងតំបន់ជម្លោះ។

ដោយរៀបរាប់ពីបទពិសោធន៍ដ៏អាក្រក់អំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងសាណា ប្រទេសយេម៉ែន កាលពីថ្ងៃទី២៦ ខែធ្នូ អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា ការវាយប្រហារនេះ បានបង្ហាញពីការគំរាមកំហែងដែលបុគ្គលិកមនុស្សធម៌ត្រូវប្រឈមមុខនៅក្នុងតំបន់សង្រ្គាម នៅទូទាំងពិភពលោក។

លោកបាននិយាយនៅក្នុងសារដែលបានថតទុកជាមុនថា «បញ្ហាបែបនេះត្រូវតែបញ្ឈប់»។ លោក Tedros បាននិយាយបន្ថែមថា «ចាប់ពីតំបន់ហ្កាហ្សា ទៅស៊ូដង់ យេម៉ែន ដល់អ៊ុយក្រែន និងប្រទេសហៃទី និងហួសពីនេះ សន្តិភាព គឺ តែងតែជាឱសថមានប្រសិទ្ធភាពបំផុតសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង»។
ការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសយេម៉ែន បានកើតឡើងបន្ទាប់ពីក្រុមហ៊ូទី បានប្រើប្រាស់ យនដ្រូន និងបាញ់មីស៊ីលម្តងហើយម្តងទៀតទៅកាន់ប្រទេសអ៊ីស្រាអែល ជាអ្វីដែលពួកគេចាត់ទុកថា ជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។