ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានចេញការព្រមាន ជាអ្វីដែលលោកបានចាត់ទុកថាជាការព្រមានចុងក្រោយដល់ក្រុមសកម្មប្រយុទ្ធហ៊ូទីគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប្រទេសយេម៉ែន ឲ្យបញ្ឈប់ការវាយប្រហារដោយមីស៊ីលរបស់ពួកគេទៅលើអ៊ីស្រាអែល ដោយនិយាយថា ពួកគេប្រឈមនឹង «ជោគវាសនាដ៏លំបាកបំផុត» ដូចក្រុមហាម៉ាស ក្រុមហេសបូឡា និងលោក Bashar al-Assad នៅប្រទេសស៊ីរី ប្រសិនបើពួកគេ នៅតែបន្តធ្វើដូច្នេះ។

លោក ក៏បានព្រមានទីក្រុងតេអេរ៉ង់ថា អ៊ីស្រាអែល មានសមត្ថភាពវាយប្រហារលើគោលដៅណាមួយនៅមជ្ឈិមបូព៌ា រួមទាំងនៅប្រទេសអ៊ីរ៉ង់ ហើយអ៊ីស្រាអែល នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារពីក្រុមតំណាងរបស់អ៊ីរ៉ង់ឡើយ។

ក្រុមឧទ្ទាមហ៊ូទី បានប្រើប្រាស់យានដ្រូន និងបាញ់មីស៊ីលម្តងហើយម្តងទៀត ចូលទៅកាន់ប្រទេសអ៊ីស្រាអែល ជាអ្វីដែលពួកគេហៅថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលកំពុងស្ថិតក្រោមការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានក្រុម ហ៊ូទី ថា អ៊ីស្រាអែល «ទើបតែចាប់ផ្តើម» បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើគោលដៅជាច្រើនដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន រួមទាំងព្រលានយន្តហោះទីក្រុងសាណា កំពង់ផែនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស និងរោងចក្រថាមពលចំនួនពីរកន្លែង។