នគរបាលនៅក្នុងរដ្ឋធានីប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក កាលពីថ្ងៃចន្ទ ដើម្បីព្យាយាមបំបែកក្រុមបាតុករ ដែលប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា ជារលកនៃការចាប់ពង្រត់អ្នករិះគន់រដ្ឋាភិបាល ដែលពុំអាចពន្យល់បាន។

នគរបាល បានចាប់ខ្លួនមនុស្សមួយចំនួនដែលចូលរួមក្នុងការតវ៉ា នៅក្នុងក្រុងណៃរ៉ូប៊ី។ ក្រុមសិទ្ធិមនុស្ស បាននិយាយថា ប្រជាជនកេនយ៉ារាប់សិបនាក់ ត្រូវបានចាប់ពង្រត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ពួកគេបានបន្ទោសការចាប់ខ្លួនក្រៅប្រព័ន្ធតុលាការទៅលើនគរបាល និងអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេស។

អាជ្ញាធរកេនយ៉ា និយាយថា រដ្ឋាភិបាល មិនបានចូលរួមក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ឬការចាប់ពង្រត់ នោះទេ។
យោងតាមកាសែត Daily Nation របស់ប្រទេសកេនយ៉ាបានឲ្យដឹងថា ក្នុងចំណោមអ្នកតវ៉ា មានសមាជិកសភាគណបក្សប្រឆាំង លោក Okiya Omtatah ជាអ្នកដែលក្រោយមកត្រូវបានឃុំខ្លួនរួមជាមួយបាតុករ១០នាក់ផ្សេងទៀត។
ការចាប់ពង្រត់ដែលតាមការចោទប្រកាន់ កើតឡើងបន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមក្នុងខែមិថុនា ឆ្នាំនេះ។ នៅពេលដំបូង មានគោលបំណងលុបចោលការដំឡើងពន្ធដែលបានស្នើឡើង ដែលបាតុកម្មនៅទីបំផុតបានវិវត្តទៅជាចលនាមួយ និងបានក្លាយជាការគំរាមកំហែងធំបំផុតចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក William Ruto ដែលកំពុងកាន់អំណាច។