នគរបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (៣១ ធ្នូ) នេះ បានប្រញាប់ប្រញាល់ពន្លឿនកិច្ចការកំណត់អត្តសញ្ញាណជនរងគ្រោះនៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ Jeju Air ស្របពេលក្រុមគ្រួសារនៃអ្នកស្លាប់នៅក្នុងការធ្លាក់យន្តហោះដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូងនេះ បានជំរុញអាជ្ញាធរឱ្យបញ្ចេញព័ត៌មានបន្ថែមឱ្យបានឆាប់ ខណៈសំណួរ ចម្ងល់ និងទុក្ខសោកសៅបានកើនឡើងខ្លាំងទូទាំងប្រទេស។

ភ្នាក់ងារនគរបាលជាតិបាននិយាយថា ខ្លួនកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដោយបន្ថែមបុគ្គលិក និងអ្នកវិភាគ DNA យ៉ាងរហ័ស ដើម្បីពន្លឿនដំណើរការកំណត់អត្តសញ្ញាណ ហើយគិតត្រឹមថ្ងៃអង្គារនេះ សាកសពចំនួន ៥នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

សមាជិកគ្រួសារ ដែលបានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិ Muan របស់ប្រទេស ជាទីដែលការធ្លាក់យន្តហោះបានកើតឡើង បានជំរុញឱ្យមានការកំណត់អត្តសញ្ញាណលឿនជាងមុន និងព័ត៌មានបន្ថែមពីអាជ្ញាធរ ដើម្បីឆាប់បានទទួលសាកសពមនុស្សជាទីស្រឡាញ់របស់ពួកគេ។

អ្នកដំណើរទាំង ១៧៥នាក់ និងបុគ្គលិក ៤នាក់ ក្នុងចំណោម ៦នាក់ បានស្លាប់ នៅពេលយន្តហោះ Jeju Air ប្រភេទ Boeing 737-800 ដែលដឹកមនុស្សសរុប ១៨១នាក់ បានចុះចតដោយគ្មានកង់ ហើយធ្លាក់ចេញពីផ្លូវរត់ រួចក៏ផ្ទុះឆេះក្នុងពេលបុកជញ្ជាំង។ បុគ្គលិក ២នាក់ត្រូវបានសង្រ្គោះ ហើយពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យ៕