ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (៣១ ធ្នូ) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ទីក្រុងព្យុងយ៉ាង ជាមួយរុស្ស៊ី នៅក្នុងលិខិតរបស់ខ្លួនទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ។

នៅក្នុងសារនោះ លោក គីម បានផ្ញើសារជូនពរឆ្នាំថ្មីទៅកាន់លោក ពូទីន និងប្រជាជនរុស្ស៊ីទាំងអស់ រួមទាំងកងទ័ពរបស់ពួកគេ ហើយបានបង្ហាញពីឆន្ទៈរបស់លោកក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដែលលោកនិយាយថា មេដឹកនាំទាំងពីរបានលើកកម្ពស់ដល់កម្រិតថ្មីនៅឆ្នាំនេះ តាមរយៈគម្រោងថ្មីៗ។

KCNA និយាយថា "លោក គីម ជូនពរថា ឆ្នាំថ្មី២០២៥ នឹងត្រូវបានកត់ត្រាថាជាឆ្នាំដំបូងនៃជ័យជម្នះក្នុងសតវត្សទី២១ នៅពេលកងទ័ព និងប្រជាជនរុស្ស៊ី កម្ចាត់ពួកណាហ្ស៊ីនិយម និងទទួលបានជ័យជម្នះដ៏អស្ចារ្យ"។

គួររម្លឹកថា លោក គីម និងលោក ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅមកនៅឯកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា ដែលអំពាវនាវឱ្យភាគីនីមួយៗមករកជំនួយពីភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទាហានជាងមួយពាន់នាក់ក្នុងចំណោមនោះបានស្លាប់ ឬរងរបួស៕