អភិបាលស្តីទីក្នុងតំបន់រុស្ស៊ី និយាយថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារថ្មីមួយលើទីប្រជុំជន អ៊ែលហ្គូវ (Lgov) ក្នុងតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ (៣០ ធ្នូ) ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អគារផ្ទះល្វែងពីរជាន់មួយកន្លែង រយៈមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមនុស្ស ៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារមួយផ្សេងទៀត។

លោក Alexander Khinshtein បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា មនុស្សម្នាក់បានរងរបួសក្នុងការវាយប្រហារចុងក្រោយបង្អស់នៅក្នុងតំបន់ Kursk ដែលកងកម្លាំងអ៊ុយក្រែន បានវាយដណ្តើមយកទឹកដីមួយផ្នែកតូច បន្ទាប់ពីបានចាប់ផ្តើមការវាយលុកកាលពីខែសីហា។

លោក Khinshtein បាននិយាយពីការវាយប្រហាររបស់អ៊ុយក្រែននេះថា "គោលបំណងរបស់ពួកគេ គឺដើម្បីបំភ័យប្រជាជន សាបព្រួសភាពច្របូកច្របល់ ភ័យស្លន់ស្លោ និងភាពចលាចល ហើយដើម្បីមិនឱ្យកុមារទទួលបាននូវឱកាសរីករាយជាមួយឆ្នាំថ្មីខាងមុខនេះ"។

យោធាអ៊ុយក្រែន បានរាយការណ៍ពីការខូចខាត និងបានបង្ហោះរូបភាពនៃអ្វីដែលខ្លួននិយាយថាជាអគ្គិភ័យនៅក្នុងទីប្រជុំជននោះ ប៉ុន្តែមិនបានបញ្ជាក់ថាអ្នកណានៅពីក្រោយការវាយប្រហារនេះទេ៕