មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់ប្រទេសម៉ូហ្សំប៊ិក បាននិយាយថា លោកនឹងប្រកាសផែនការតវ៉ាថ្មី ប្រឆាំងនឹងលទ្ធផលឆ្នោតកាលពីខែតុលា នៅក្នុងសប្ដាហ៍នេះ ជាជំហានមួយដែលលោកបានលើកឡើងថា នឹងមានការក្បួនតវ៉ាធំជាងមុន ស្របពេលមានការអះអាងថាមនុស្សជាង២០០នាក់បានស្លាប់ក្នុងការតវ៉ា និងបង្ក្រាបដ៏ហិង្សា។

លោក Venâncio Mondlane ដែលអះអាងថារូបលោកជាអ្នកឈ្នះការបោះឆ្នោតនេះ បាននិងកំពុងដុតបញ្ឆេះឲ្យមានភាពរំជួបរំជួលស៊ីវិល ចាប់តាំងពីលោកបានភៀសខ្លួនចេញពីប្រទេសនេះកាលពីថ្ងៃទី២១ខែតុលា។

ចំនួនអ្នកស្លាប់ពីការតវ៉ាជាបន្តបន្ទាប់បានកើនឡើងដល់២៧៨នាក់ អ្នកស្លាប់ភាគច្រើនដោយសារការបង្ក្រាបរបស់កងកម្លាំងនគរបាល នេះបើយោងតាមក្រុមអ្នកតាមដានស្ថានការណ៍ក្នុងស្រុក Decide Platform។

ចក្រភពអង់គ្លេសបានណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ឲ្យជៀសវាងធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងនេះ បើមិនចាំបាច់ ខណៈរដ្ឋាភិបាលអាល្លឺម៉ង់វិញ បាននិយាយថា ពលរដ្ឋរបស់ខ្លួនគួរតែពិចារណាផ្អាកការធ្វើដំណើរទៅប្រទេសនោះជាបណ្ដោះអាសន្ន៕