ប្រតិបត្តិការសម្អាតកម្ទេចកម្ទី បានចាប់ផ្ដើមកាលពីថ្ងៃចន្ទ (៣០ ធ្នូ) បន្ទាប់ពីប្រព័ន្ធខ្យល់ព្យុះដ៏ខ្លាំងមួយបានបង្កើតឱ្យមានសំណុំទឹកកក ទឹកភ្លៀង ខ្យល់បក់ខ្លាំង និងព្យុះកួច វាយប្រហារនៅទូទាំងភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់។

ទីស្នាក់ការកណ្តាលតំបន់ភាគខាងត្បូងនៃសេវាអាកាសធាតុជាតិអាមេរិក បាននិយាយថា គិតត្រឹមរសៀលថ្ងៃចន្ទ ព្យុះកួចជាង ៣០ ត្រូវបានបញ្ជាក់ ខណៈមានរបាយការណ៍ប្រហែល ៥០ករណីនៃការខូចខាត ដែលលាតសន្ធឹងពីរដ្ឋ Texas រហូតដល់រដ្ឋ South Carolina។

ព្យុះនេះបានកើតឡើងស្របពេលការធ្វើដំណើរដ៏មមាញឹកនៅចុងសប្តាហ៍ ដែលបណ្តាលឱ្យស្ថានភាពផ្លូវខូចខាតជាច្រើន រួមជាមួយនឹងការពន្យារពេល ឬការលុបចោលនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍អាកាសធាតុបែបនេះមិនធម្មតាទេសម្រាប់រដូវកាលនេះ ប៉ុន្តែមន្ត្រីអាកាសធាតុបាននិយាយថា ខែធ្នូក៏អាចនាំមកនូវអាកាសធាតុធ្ងន់ធ្ងរនៅក្រោមកាលៈទេសៈត្រឹមត្រូវមួយ ដោយសារសីតុណ្ហភាពក្តៅពីឈូងសមុទ្រម៉ិកស៊ិក រួមបញ្ចូលគ្នាជាមួយនឹងរលកត្រជាក់ ដែលបណ្ដាលឱ្យមានអាកាសធាតុខុសប្រក្រតីជាច្រើន៕