អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ បានទទូចស្នើដល់ប្រទេសចិន ឱ្យចែករំលែកទិន្នន័យ និងការចូលប្រើប្រាស់ ដើម្បីជួយស្វែងយល់ពីរបៀបដែលមេរោគកូវីដ១៩ ចាប់ផ្តើមវិវឌ្ឍ រយៈពេល ៥ឆ្នាំបន្ទាប់ពីជំងឺរាតត្បាតដ៏កាចសាហាវដែលរាលដាលទូទាំងពិភពលោក។

កូវីដ១៩ បានសម្លាប់មនុស្សរាប់លាននាក់ ធ្វើឲ្យសេដ្ឋកិច្ចខ្ទេចខ្ទាំ និងបំផ្លាញប្រព័ន្ធសុខាភិបាល។ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "បើពុំមានតម្លាភាព ការចែករំលែក និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានាទេ ពិភពលោកមិនអាចទប់ស្កាត់ និងត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់ជំងឺរាតត្បាតនាពេលអនាគតឡើយ”។
កាលពីដើមខែនេះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ការត្រៀមខ្លួនរបស់ពិភពលោកនៅតែទន់ខ្សោយក្នុងការទប់ទល់នឹងជំងឺរាតត្បាតថ្មី។

នៅខែធ្នូ ឆ្នាំ២០២១ ដោយបារម្ភពីការបំផ្លិចបំផ្លាញដែលបង្កឡើងដោយកូវីដ១៩ ប្រទេសនានាបានសម្រេចចិត្តចាប់ផ្តើមព្រាងកិច្ចព្រមព្រៀងស្តីពីការការពារជំងឺរាតត្បាត ការត្រៀមខ្លួន និងការឆ្លើយតប។ រដ្ឋសមាជិកចំនួន១៩៤ របស់អង្គការសុខភាពពិភពលោក ដែលកំពុងចរចាលើសន្ធិសញ្ញានោះ បានយល់ព្រមលើផ្នែកភាគច្រើននៃអ្វីដែលកិច្ចព្រមព្រៀងគួរតែរួមបញ្ចូល ប៉ុន្តែត្រូវបានជាប់គាំងលើការអនុវត្តជាក់ស្តែង៕