អាកាសធាតុមិនល្អ កាលពីថ្ងៃចន្ទ (៣០ ធ្នូ) ហាក់ដូចជាកំពុងបំផ្លាញភាពរីករាយនៃពិធីបុណ្យឆ្លងឆ្នាំថ្មីរបស់ចក្រភពអង់គ្លេស ខណៈអ្នករៀបចំកម្មពិធីជប់លៀងនៅផ្លូវ Hogmanay ទីក្រុង Edinburgh បានលុបចោលព្រឹត្តិការណ៍នេះ ដោយហេតុផលសុវត្ថិភាពសាធារណៈ។

ការប្រារព្ធពិធីនៅ Edinburgh ដ៏អ៊ូអរសប្បាយរីករាយ ដែលកាលពីឆ្នាំមុនបានទាក់ទាញមនុស្សប្រហែល ៣០.០០០នាក់ គឺដោយសារតែមានការបាញ់កាំជ្រួចដ៏ស្រស់ស្អាត និងការប្រគុំតន្ត្រី ពីក្រុមតន្រ្តីស្កុតឡេនដ៏ល្បីល្បាញ។

ប៉ុន្តែអ្នករៀបចំកម្មវិធីបាននិយាយថា នឹងមិនមានសុវត្ថិភាពក្នុងការបន្តការរៀបចំសម្រាប់ព្រឹត្តិការណ៍នៅទីវាលខាងក្រៅបែបនេះទេ ដែលគ្រោងធ្វើឡើងនៅថ្ងៃទ៣០ ខែធ្នូ និងថ្ងៃមុនចូលឆ្នាំសកលទី៣១ ខែធ្នូ ដោយសារ "ខ្យល់បក់ខ្លាំង និងអាកាសធាតុមិនល្អ"។

ក្រុមប្រឹក្សាក្នុងតំបន់បាននិយាយថា ការបាញ់កាំជ្រួចអបអរឆ្នាំថ្មីដែលគ្រោងទុកនៅក្នុងទីក្រុងរមណីយដ្ឋាន Blackpool នៅភាគពាយ័ព្យនៃដែនដីអង់គ្លេស ក៏ត្រូវបានលុបចោលផងដែរដោយសារតែការព្យាករថាមានខ្យល់បក់ខ្លាំង។ ទីភ្នាក់ងារការពារបរិស្ថានស្កុតឡេន បានចេញការព្រមានទឹកជំនន់ធ្ងន់ធ្ងរដ៏កម្រនៃ "គ្រោះថ្នាក់ដល់អាយុជីវិត" សម្រាប់ផ្នែកខ្លះនៃដែនដីចក្រភពអង់គ្លេសមួយនេះ៕