ប្រភពពីវិស័យឧស្សាហកម្មបានឱ្យដឹងថា កាលពីថ្ងៃចន្ទ (៣០ ធ្នូ) កូរ៉េខាងត្បូង បានឃើញការលុបចោលដំណើរកម្សាន្ត និងសំបុត្រយន្តហោះជាច្រើននៅក្នុងប្រទេស ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងទៅលើសុវត្ថិភាពអាកាសចរណ៍ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុត ដែលបានឆក់យកជីវិតមនុស្ស ១៧៩នាក់ កាលពីថ្ងៃអាទិត្យ។

យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានធ្លាក់ក្នុងអំឡុងពេលប៉ុនប៉ងចុះចតមិនបានសម្រេច នៅអាកាសយានដ្ឋាន Muan ភាគនិរតីកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានផ្ទុះឆេះ។ ក្នុងចំណោមមនុស្ស ១៨១នាក់នៅលើយន្តហោះ មានតែបុគ្គលិក ២នាក់ប៉ុណ្ណោះ ដែលរួចរស់ជីវិត។ នេះជាមហន្តរាយអាកាសចរណ៍ ដែលមានអ្នកស្លាប់ច្រើនបំផុតរបស់កូរ៉េខាងត្បូង ក្នុងពេលជិតបីទសវត្សរ៍។

យោងតាមទិន្នន័យពីក្រុមហ៊ុន Jeju Air បង្ហាញថា សំបុត្រយន្តហោះធ្វើដំណើរក្នុងស្រុក និងអន្តរជាតិចំនួន ៦៨.០០០សំបុត្រ ត្រូវបានលុបចោលគិតត្រឹមម៉ោង ១៣:០០ រសៀលថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) ដោយភាគច្រើននៃការលុបចោលកើតឡើងបន្ទាប់ពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យនោះ។

ភ្នាក់ងារទេសចរណ៍ ដូចជាសណ្ឋាគារជាដើម ក៏បានជួបប្រទះនឹងកំណើនការលុបចោលផងដែរ នៅពេលកង្វល់សាធារណៈជនកាន់តែជ្រៅ។ ជាការឆ្លើយតប ទីភ្នាក់ងារទេសចរណ៍ និងវេទិកាធំៗ បានលើកលែងថ្លៃសេវាលុបចោលសម្រាប់កញ្ចប់ដែលពាក់ព័ន្ធនឹង Jeju Air និងបានទទួលការកក់របស់អតិថិជនឡើងវិញនៅលើក្រុមហ៊ុនអាកាសចរណ៍ធំៗ ដោយប្រើអាកាសយានដ្ឋានផ្សេងជំនួសវិញ៕