អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បាននិយាយថា អ៊ីស្រាអែល ត្រូវតែប្រឈមមុខនឹងផលវិបាកនៃ«ការធ្វើឲ្យមានការរងទុក្ខជាអតិបរមា» លើជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សា ដោយចោទប្រកាន់អ៊ីស្រាអែលថា មិនគោរពច្បាប់អន្តរជាតិ និងត្រូវបានការពារដោយសម្ព័ន្ធមិត្តរបស់ខ្លួន។

អ្នកជំនាញចំនួន ១១នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖«ច្បាប់មនុស្សធម៌អន្តរជាតិមានសំណុំនៃច្បាប់ជាសកល និងមានកាតព្វកិច្ច ដើម្បីការពារសម្ភារៈរបស់ជនស៊ីវិល និងមនុស្ស ដែលមិនបាន ឬលែងចូលរួមដោយផ្ទាល់ នៅក្នុងអរិភាព និងកំណត់មធ្យោបាយ និងវិធីសាស្រ្តនៃសង្គ្រាមដែលមានការអនុញ្ញាត»។

ជាជាងគោរពតាមច្បាប់ទាំងនេះ អ៊ីស្រាអែល ប្រឆាំងនឹងច្បាប់អន្តរជាតិជាចំហម្តងហើយម្តងទៀត ដោយបានបង្កការឈឺចាប់ជាអតិបរមា ដល់ជនស៊ីវិល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនគ្រប់គ្រង និងលើសពីនេះទៅទៀត។
«អ៊ីស្រាអែល បន្តប្រឈមមុខនឹងការមិនមានផលវិបាកពិតប្រាកដ ដោយសារភាគច្រើនមកពីការការពារ ដែលផ្តល់ដោយសម្ព័ន្ធមិត្តរបស់ខ្លួន»។
សង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវបានបង្កឡើងដោយការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។
ការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្ស ចំនួន ១.២០៨នាក់ ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមចំនួនសរុបនៃតួលេខផ្លូវការរបស់អ៊ីស្រាអែល ដែលសារព័ត៌មាន AFP ទទួលបាន។