អង្គការ Save the Children បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា ប្រហែលពាក់កណ្តាលនៃកុមារដែលមានអាយុចូលរៀន នៅក្នុងប្រទេសស៊ីរី មិនបានទទួលការអប់រំ បន្ទាប់ពីសង្រ្គាមស៊ីវិលជិត ១៤ឆ្នាំ ដោយអំពាវនាវឲ្យមាន «វិធានការជាបន្ទាន់»។

អង្គការសប្បុរសធម៌នេះ បាននិយាយថា កុមារស៊ីរីដ៏ច្រើនលើសលប់ ក៏ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ រួមទាំងអាហារផងដែរ ដោយយ៉ាងហោចណាស់ពាក់កណ្តាលនៃពួកគេ ត្រូវការជំនួយផ្លូវចិត្ត ដើម្បីជួយព្យាបាលការប៉ះទង្គិចផ្លូវចិត្តដោយសារសង្គ្រាម។

លោកស្រី Rasha Muhrez ប្រធានអង្គការសប្បុរសធម៌ស៊ីរី បានប្រាប់សារព័ត៌មាន AFP ក្នុងបទ សម្ភាសន៍មួយពីរដ្ឋធានីដាម៉ាស ( Damascus)ថា៖«កុមារប្រហែល ៣,៧ លាននាក់ បានឈប់រៀន ហើយពួកគេទាមទារឲ្យមានវិធានការជាបន្ទាន់ ដើម្បីរៀបចំឲ្យពួកគេបានចូលរៀនឡើងរិញ។
ខណៈពេលដែលប្រជាជនស៊ីរី បានស៊ូទ្រាំនឹងជម្លោះជាងមួយទសវត្សរ៍ ការវាយលុករបស់ក្រុមឧទ្ទាមយ៉ាងឆាប់រហ័ស ដែលបានផ្តួលរំលំប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូ បានបណ្តាលឲ្យមានការរំខានបន្ថែមទៀត ដោយអង្គការសហប្រជាជាតិរាយការណ៍ថាមនុស្សជាង ៧00.000នាក់ ទើបផ្លាស់ទីលំនៅថ្មី។
លោកស្រី Muhrez បានប្រាប់សារព័ត៌មាន AFPថា៖«សាលារៀនមួយចំនួន ត្រូវបានប្រើប្រាស់ជាជម្រកម្តងទៀត ដោយសាររលកថ្មីនៃអ្នកផ្លាស់ទីលំនៅ»។