ទូរទស្សន៍ Al-Arabiya បានរាយការណ៍ថា ក្បួនរថយន្តដឹកទំនិញចំនួន ៦០គ្រឿង មកពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានចូលដល់ភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបានដឹកសព្វាវុធ និងការផ្គត់ផ្គង់ភស្តុភារ ដើម្បីគាំទ្រដល់កងកម្លាំងសម្ព័ន្ធមិត្ត។
របាយការណ៍បានឲ្យដឹងថា ក្បួនរថយន្តដែលបានឆ្លងកាត់ពីប្រទេសអ៊ីរ៉ាក់ តាមច្រកព្រំដែន al-Waleed ត្រូវបានគេនិយាយថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានចម្រុះ នៅក្នុងខេត្ត al-Hassakeh ភាគឦសាននៃប្រទេសស៊ីរី និងខេត្ត Deir al-Zour ភាគខាងកើត។
ការបន្ថែមកម្លាំងនេះ កើតឡើង ចំពេលមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងក្រុមប្រឆាំងមានសម្ព័ន្ធភាពជាមួយទួរគី ក្នុងតំបន់។
យោងតាមទូរទស្សន៍ Al-Arabiya បានឲ្យដឹងថា ក្រុមចម្រុះនេះ បានបញ្ជូនក្បួនរថយន្តចំនួន ៦ ដែលសរុបមានរថយន្តដឹកទំនិញសរុប ២១០គ្រឿង ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក បាសា អាល់-អាសាដ (Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូ។ ការដាក់ពង្រាយកាលពីថ្ងៃចន្ទ ដែលជាចំនួនដ៏ធំបំផុត ចាប់តាំងពីថ្ងៃនោះមក ស្របពេលជាមួយនឹងការពង្រីកចលនាយោធារបស់សហរដ្ឋអាមេរិក រួមទាំងរថពាសដែក យានជំនិះ និងកងទ័ព នៅទីក្រុង Deir al-Zour, Raqqa និងទីក្រុង Kobani។
មន្ត្រីអាមេរិក ដែលទើបជួបជាមួយលោក Ahmad al-Sharaa ជាមេដឹកនាំពិតប្រាកដរបស់ប្រទេសស៊ីរី បានព្រមានថា ក្រុមរដ្ឋឥស្លាមដែលនៅសេសសល់ អាចកេងចំណេញផ្នែកនយោបាយ និងអស្ថិរភាព ក្នុងការវាយប្រហារ។