ប្រទេសនេះ បានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា នឹងដាក់ពង្រាយនាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅនៅសមុទ្រអារ៉ាប់ បន្ទាប់ពីនាវាជំនួញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ត្រូវបានវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌា កាលពីចុងសប្តាហ៍មុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «រក្សាវត្តមានការពារ»។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌា កំពុងស៊ើបអង្កេតពីស្ថានភាពនៃការវាយប្រហារលើនាវា MV Chem Pluto ដែលបានចូលចតនៅកំពង់ផែ ក្នុងទីក្រុងម៉ុមបៃ (Mumbai) កាលពីថ្ងៃចន្ទ ហើយរបាយការណ៍ដំបូង បានចង្អុលបង្ហាញពីការវាយប្រហារដោយយានដ្រូន។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«ការធ្វើកោសល្យវិច័យ និងការវិភាគបច្ចេកទេសបន្ថែមទៀត នឹងត្រូវបានទាមទារ ដើម្បីកំណត់ទិសដៅនៃការវាយប្រហារ រួមទាំងប្រភេទ និងបរិមាណនៃគ្រឿងផ្ទុះ ដែលបានគេប្រើ»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានហៅការអះអាងរបស់សហរដ្ឋអាមេរិក ដែលថា អ៊ី រ៉ង់ បានវាយប្រហារនាវា នៅជិតប្រទេសឥណ្ឌានោះថា «គ្មានមូលដ្ឋាន»។
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសៅរ៍ថា យានដ្រូនមួយគ្រឿងចេញពីប្រទេសអ៊ីរ៉ង់ បានវាយប្រហារនាវា MV Chem Pluto ក្នុងមហាសមុទ្រឥណ្ឌា។ ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិក កំពុងព្យាយាមទប់ទល់នឹងបញ្ហាប្រឈមស្រដៀងគ្នា នៅក្នុងសមុទ្រក្រហម។