មនុស្សដ៏ច្រើនកកកុញ ត្រៀមនឹងធ្វើការអបអរដោយសំឡេងបាញ់កាំជ្រួច និងលើកកែវស្រាសាំប៉ាញ ដើម្បីស្វាគមន៍ឆ្នាំ២០២៥ នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ នេះ ដោយលើកដៃលាទៅកាន់ឆ្នាំដែលបាននាំមកនូវភាពលេចធ្លោរបស់ព្រឹត្តិការណ៍អូឡាំពិក ការវិលត្រលប់ទៅកាន់អំណាចវិញដ៏គួរភ្ញាក់ផ្អើលរបស់លោក Donald Trump និងភាពចលាចល នៅតំបន់មជ្ឈិមបូព៌ា និងប្រទេសអ៊ុយក្រែន។
វាស្ទើរតែប្រាកដណាស់ថា ឆ្នាំ២០២៤ នឹងត្រូវកត់ត្រាជាឆ្នាំដែលមានកម្ដៅក្ដៅបំផុត ក្នុងកំណត់ត្រា គ្រោះមហន្តរាយបង្កឡើងដោយអាកាសធាតុ ដែលបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់ពីវាលទំនាបនៃទ្វីបអឺរ៉ុប រហូតដល់ជ្រលងភ្នំ Kathmandu របស់ប្រទេសនេប៉ាល់។
ខណៈដែលពិធីអបអរមុនថ្ងៃចូលឆ្នាំសកល ចាប់ផ្តើមរៀបចំនៅតាមបណ្តោយកំពង់ផែ Sydney Harbor ដ៏ស្រស់បំព្រងរបស់ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី៣១ ខែធ្នូនេះ អ្នកដើរលេងកម្សាន្តជាច្រើន បានធូរស្រាលក្នុងចិត្ត នៅពេលដែលបានឃើញរឿងរ៉ាវ ១២ខែកន្លងទៅ បានក្លាយជាអតីតកាលហើយ។
ក្នុងឆ្នាំ២០២៤ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នៅប្រទេសបារាំង បាននាំពិភពលោកទាំងមូលឲ្យមានការរួបរួមគ្នារយៈពេល ២-៣សប្តាហ៍ដែរ ក្នុងខែកក្កដា និងសីហា។ អត្តពលិក បាននាំគ្នាហែលទឹកក្នុងទន្លេសែន (Seine) ប្រកួតប្រជែងក្រោមស្រមោលនៃប៉ម Eiffel និងជិះសេះឆ្លងកាត់វាលស្មៅដ៏ស្រស់ស្អាត នៅខាងក្រៅវិមាន Versailles។
នេះជាឆ្នាំនៃការបោះឆ្នោតសាកល ដោយមានមនុស្សរាប់លាននាក់ទៅបោះឆ្នោត នៅទូទាំងជាង ៦០ប្រទេស។ នៅរុស្ស៊ី លោក Vladimir Putin បានឈ្នះការបោះឆ្នោត ដែលត្រូវបានច្រានចោលយ៉ាងទូលំទូលាយថា ជាការបោកប្រាស់។
តែទោះជាយ៉ាងណាក្ដី គ្មានការបោះឆ្នោតណាមួយត្រូវបានពិភពលោកតាមដានយ៉ាងដិតដល់ ដូចការប្រកួតប្រជែងថ្ងៃទី៥ ខែវិច្ឆិកា ដែលនឹងឃើញលោក Donald Trump ត្រលប់ទៅកាន់សេតវិមានវិញ ក្នុងពេលឆាប់ៗនេះ។ ចាប់ពីប្រទេសម៉ិកស៊ិកទៅកាន់មជ្ឈិមបូព៌ា ការវិលត្រលប់ទៅកាន់អំណាចវិញរបស់ Trump កំពុងបង្កើតជារលករួចហើយ។ ប្រធានាធិបតីជាប់ឆ្នោត បានគំរាមកំហែងបង្កើនភាពខ្វល់ខ្វាយផ្នែកសេដ្ឋកិច្ចលើប្រទេសចិន ហើយនិយាយអួតពីសមត្ថភាពរបស់លោក ក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែនក្នុងរយៈពេល «២៤ម៉ោង»។
ភាពចលាចល បានរាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា នៅពេលដែលលោក Bashar al-Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី អ៊ីស្រាអែលបានលុកចូលទៅភាគខាងត្បូងប្រទេសលីបង់ ហើយមានការផ្ទុះឧបករណ៍អេឡិចត្រូនិច ដែលជាការធ្វើឃាតបន្តបន្ទាប់ផ្តោតលើក្រុមហេសបូឡា។ ជនស៊ីវិលនឿយហត់ នឹងសង្គ្រាមដ៏ក្រៀមក្រំ នៅតំបន់ហ្កាហ្សា ដែលការថយចុះនៃស្តុកស្បៀងអាហារ ទីជម្រក និងថ្នាំពេទ្យ បានធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។
ចំណែកឯការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន ឈានដល់ខួប ៣ឆ្នាំ ក្នុងខែកុម្ភៈ។ ដោយគ្មានអាវុធនៅផ្នែកខាងកើតរបស់ខ្លួន អ៊ុយក្រែនត្រូវប្រឈមជាមួយរដ្ឋបាលរបស់លោក Trump ដែលហាក់ដូចជាមានចេតនាមិនចង់ផ្ដល់ជំនួយផ្នែកយោធាដ៏សំខាន់នេះ៕