រដ្ឋាភិបាលរបស់ប្រទេសនូវែលហ្សេឡង់ បានបញ្ជូនយន្តហោះរបស់កងកម្លាំងទ័ពអាកាសបន្ថែមទៀត ដើម្បីជួយដល់ការឆ្លើយតបគ្រោះមហន្តរាយនៅប្រទេសកោះវ៉ានូអាទូ បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រ បានវាយប្រហារនៅប្រទេសសមុទ្រប៉ាស៊ីហ្វិកមួយនេះ កាលពី ពីរសប្តាហ៍មុន។
យោងតាមកងកម្លាំងការពារប្រទេសនូវែលហ្សេឡង់ បាននិយាយឲ្យដឹងថានៅថ្ងៃអង្គារនេះថា យន្តហោះ C-130H Hercules របស់កងកម្លាំងទ័ពអាកាសនូវែលហ្សេឡង់ បានហោះហើរផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីការរញ្ជួយដីដ៏ធំ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស ។
ជើងយន្តហោះទៅមកចំនួនពីរជើង បានធ្វើឡើងកាលពីសប្តាហ៍មុន រវាងប្រទេសនូវែលហ្សេឡង់ និងប្រទេសកោះវ៉ានូអាទូ សម្រាប់ការផ្លាស់ប្តូរវេនបុគ្គលិកសង្គ្រោះគ្រោះមហន្តរាយ និងដឹកជញ្ជូនឧបករណ៍ផ្សេងទៀតពីទីភ្នាក់ងារជាច្រើន ដែលភាគច្រើនមកពីអង្គភាពពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់របស់ប្រទេសនូវែលហ្សេឡង់។