មន្ត្រីបាននិយាយថា ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយកាំភ្លើងវែង បានវាយប្រហារប៉ុស្តិ៍សន្តិសុខមួយ នៅភាគពាយ័ព្យប៉ាគីស្ថាន កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មន្ត្រីនគរបាលម្នាក់ និងជនស៊ីវិលម្នាក់។
មន្ត្រីនគរបាលក្នុងតំបន់ លោក Abdullah Khan បានអះអាងថា មន្រ្តីម្នាក់ទៀត ក៏បានរងរបួស នៅក្នុងការវាយប្រហារ នៅប៉ុស្តិ៍ Draban ក្នុងស្រុក Dera Ismail Khan នៃខេត្ត Khyber Pakhtunkhwa ដោយបន្ថែមថា ជនស៊ីវិល គឺជាបុគ្គលិកនៃនាយកដ្ឋានគយ។
លោកក៏បាននិយាយថា កម្លាំងសន្តិសុខ បានបាញ់តវិញ ហើយថា «ក្រុមអ្នកបះបោរ» បានរត់គេចពីកន្លែងកើតហេតុ។
គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែការសង្ស័យទំនងជាធ្លាក់ទៅលើក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថា Tehrik-e-Taliban Pakistan ដែលជារឿយៗកំណត់គោលដៅលើកងកម្លាំងសន្តិសុខទូទាំងប្រទេស ជាពិសេសនៅតំបន់អតីតកុលសម្ព័ន្ធ នៅភាគពាយ័ព្យដែលមានបញ្ហាជាប់ព្រំដែនអាហ្វហ្គានីស្ថាន។