តុលាការឧទ្ធរណ៍សហព័ន្ធ កាលពីថ្ងៃចន្ទ (ទី៣០ ខែធ្នូ) បានសម្រេចតម្កល់សាលក្រមបង់ប្រាក់ពិន័យចំនួន ៥លានដុល្លារ ដែលលោកស្រី E. Jean Carroll បានឈ្នះលោក Donald Trump នៅពេលដែលគណៈវិនិច្ឆ័យ បានរកឃើញថា លោកប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ ត្រូវទទួលខុសត្រូវ ចំពោះករណីរំលោភផ្លូវភេទ និងបន្ទាប់មកបានបរិហាកេរ្តិ៍អតីតអ្នកសរសេរទស្សនាវដ្តីរូបនេះ។
គណៈកម្មការចៅក្រម ៣រូបនៃសាលាឧទ្ធរណ៍ទី២ របស់សហរដ្ឋអាមេរិក នៅសង្កាត់ Manhattan បានឯកច្ឆន្ទច្រានចោលការផ្ដល់ទឡ្ហីករណ៍របស់លោក Trump ដែលថា ចៅក្រមជំនុំជម្រះ មិនគួរអនុញ្ញាតឱ្យសមាជិកគណៈវិនិច្ឆ័យស្តាប់ភស្តុតាង អំពីការចោទប្រកាន់បទល្មើសផ្លូវភេទពីមុនរបស់គណបក្សសាធារណរដ្ឋ ដែលធ្វើឱ្យមានការកាត់ក្តី និងសាលក្រមអយុត្តិធម៌។
តុលាការបានលើកឡើងថា ភស្តុតាង ដែលរួមមានទាំងការនិយាយអួតរបស់លោក Trump អំពីសមត្ថភាពផ្លូវភេទរបស់លោក នៅក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ Access Hollywood ដែលលេចឡើងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦ បានបង្កើតនូវ «គំរូនៃការប្រព្រឹត្តម្តងហើយម្តងទៀត និងប្លែកខុសពីធម្មជាតិ» ដែលស្របតាមការចោទប្រកាន់របស់លោកស្រី Carroll។
ក្នុងសេចក្ដីសម្រេចដែលមិនត្រូវបានចុះហត្ថលេខា តុលាការបានបន្ថែមថា៖ «ដោយពិចារណាលើភស្តុតាងទាំងអស់ និងភាពរឹងមាំនៃសំណុំរឿងរបស់លោកស្រី Carroll យើងរកមិនឃើញថា ការអះអាងពីកំហុសឆ្គង ឬការមានកំហុសឆ្គងរួម នៅក្នុងសេចក្តីសម្រេចពីភស្តុតាងរបស់តុលាការសហព័ន្ធប្រចាំតំបន់ បានប៉ះពាល់ដល់សិទ្ធិជាសំខាន់ៗរបស់លោក Trump»។
គួររំលឹកថា សាលក្រមខែឧសភា ឆ្នាំ២០២៣ កើតចេញពីហេតុការណ៍មួយ ក្នុងរង្វង់ឆ្នាំ១៩៩៦ នៅឯបន្ទប់សម្លៀកបំពាក់ នៅហាងលក់ទំនិញ Bergdorf Goodman ក្នុងសង្កាត់ Manhattan ជាកន្លែងដែលលោកស្រី Carroll បច្ចុប្បន្នមានវ័យ ៨១ឆ្នាំ បាននិយាយថា លោក Trump បានរំលោភលោកស្រី ហើយកើតចេញពីការបង្ហោះលើបណ្ដាញសង្គម Truth Social នៅខែតុលា ឆ្នាំ២០២២ ជាពេលដែលលោក Trump បានបដិសេធការអះអាងរបស់លោកស្រី Carroll ថា ជាការបោកប្រាស់៕