ភ្នំពេញ ៖ រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០,០០០អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកកម្ពុជា។
កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិ ត្រូវបានចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophelie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំង នឹងជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តបទប្បញ្ញត្តិ សុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋានកម្ពុជា។
គម្រោងនេះ ផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន ៖ ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន, ផ្តល់ការ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព លើការថែទាំបច្ចេកទេសអាកាសយាន, ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍ សមត្ថភាពពេទ្យអាកាសចរ, និងពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។
រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតបនឹងសេចក្តីត្រូវការ និងការងារជាអាទិភាព នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕
អត្ថបទ ៖ វណ្ណៈ



