មន្ទីរបញ្ចកោណ កាលពីថ្ងៃចន្ទ (ទី៣០ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា បទឈប់បាញ់ រវាងប្រទេសទួរគី និងកងកម្លាំងស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅជុំវិញទីក្រុង Manbij ភាគខាងជើងប្រទេសស៊ីរី កំពុងមានប្រសិទ្ធភាព។
ទីក្រុងវ៉ាស៊ីនតោនបានសម្របសម្រួលឲ្យមានបទឈប់បាញ់ដំបូង នៅដើមខែនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាដែលបានកើតឡើងនៅពេលដែលក្រុមឧទ្ទាម បានរុលចូលទៅដល់ទីក្រុងដាម៉ាស និងបានផ្តួលរំលំការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Bashar al-Assad។
ប៉ុន្តែនៅថ្ងៃទី១៩ ខែធ្នូ មន្ត្រីក្រសួងការពារជាតិទួរគី បានប្រាប់ថា មិនមានការពិភាក្សា អំពីកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងទីក្រុងអង់ការ៉ា និងក្រុម SDF នោះទេ។ យ៉ាងណាក្ដី អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់អ្នកសារព័ត៌មានថា៖ «បទឈប់បាញ់ កំពុងមានប្រសិទ្ធភាព នៅភាគខាងជើងនៃប្រទេសស៊ីរី»។
គួរបញ្ជាក់ថា ក្រុម SDF គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅស៊ីរី។ ក្រុមនេះត្រូវបានដឹកនាំដោយកងជីវពល YPG ជាក្រុមដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាអង្គភាពមែកធាងរបស់ក្រុមសកម្មប្រយុទ្ធឃឺដ (PKK) ដែលនៅក្រៅច្បាប់ និងដែលបានប្រយុទ្ធជាមួយរដ្ឋទួរគីអស់រយៈពេល ៤០ឆ្នាំមកហើយ។
ទួរគីចាត់ទុកក្រុម PKK, YPG និង SDF ជាក្រុមភេរវករ។ សម្ព័ន្ធមិត្តលោកខាងលិចរបស់អាមេរិក និងទួរគីចុះបញ្ជី PKK ជាក្រុមភេរវករ ប៉ុន្តែមិនមែនក្រុម YPG និង SDF នោះឡើយ៕

