ប្រទេសឥណ្ឌាបានចាប់ផ្តើមបេសកកម្មចូលចតនៅទីអវកាសជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃចន្ទ (ទី៣០ ខែធ្នូ) តាមយានចម្លងផលិតដោយឥណ្ឌា ជាកិច្ចប្រឹងប្រែង ដើម្បីក្លាយជាប្រទេសទី៤ ដែលសម្រេចបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់។
បេសកកម្មដែលមានឈ្មោះថា Space Docking Experiment ឬ SpaDeX បានហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ក្នុងរដ្ឋ Andhra Pradesh នៅវេលាម៉ោង ១៦:៣០ ម៉ោងសកល នៅលើយានចម្លងរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) គឺយាន PSLV ដែលត្រូវបានឲ្យឈ្មោះថា «យានមានមុខងារច្រើនយ៉ាង»។
ក្រោយប្រមាណជា ១៥នាទី នាយកបេសកកម្ម បានប្រកាសពីការបាញ់បង្ហោះដោយជោគជ័យ នៅពេលដែលយានអវកាសហោះឡើងដល់កម្ពស់ប្រហែល ៤៧០គីឡូម៉ែត្រ។
បេសកកម្មនេះត្រូវបានគេមើលឃើញថា ជាចំណុចផ្លាស់ប្ដូរដ៏សំខាន់ សម្រាប់ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ក្នុងលំហអាកាស នាពេលអនាគត ក្នុងនោះរួមទាំងការពង្រាយសេវាផ្កាយរណប និងប្រតិបត្តិការស្ថានីយអវកាសដែលបានគ្រោងទុករបស់ប្រទេសនេះផងដែរ៕

