លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មាន TASS ថា សហរដ្ឋអាមេរិក គួរតែឈប់ប្រើប្រាស់បញ្ហាសន្តិសុខតាមអ៊ីនធឺណិត ដើម្បីនិយាយលាបពណ៌និងបង្កាច់បង្ខូចចិនតទៅទៀត។
លោកបានថ្លែងថា៖«ចិនប្រឆាំងជាដាច់ខាតចំពោះការវាយប្រហារដោយលាបពណ៌របស់អាមេរិកប្រឆាំងនឹងចិន ដោយគ្មានមូលដ្ឋានការពិតណាមួយឡើយ»។ «ប្រទេសចិនខ្លួនឯង គឺជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិតអន្តរជាតិ ហើយតែងតែប្រឆាំង និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការវាយប្រហារតាមអ៊ីនធឺណិត»។

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា៖ «សហរដ្ឋអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់សន្តិសុខតាមអ៊ីនធឺណិត ដើម្បីលាបពណ៌និងបង្កាច់បង្ខូចប្រទេសចិន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតគ្រប់ប្រភេទអំពីអ្វីដែលហៅថា ការគំរាមកំហែងចូលលួចទិន្នន័យដោយចិន។ «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងប្រកាន់យកអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវនៅពេលកំណត់លក្ខណៈនៃឧប្បត្តិហេតុតាមអ៊ីនធឺណិត ដោយផ្អែកទៅលើការសន្និដ្ឋានរបស់ពួកគេលើភ័ស្តុតាងគ្រប់គ្រាន់ ជាជាងការរំពឹងទុក និងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន»។
ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមចោរព័ត៌មានវិទ្យា ដែលទាក់ទងនឹងប្រទេសចិនថា បានរំលោភលើប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន។ យោងតាមរបាយការណ៍ ក្រសួងរតនាគារ បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយក្រុមហ៊ុន Beyond Trust ដែលជាអ្នកម៉ៅការសេវាកម្មសូហ្វវែ (software)របស់ខ្លួនថា ក្រុមចោរព័ត៌មានវិទ្យា បានទទួលសោសុវត្ថិភាព ដែលអនុញ្ញាតឲ្យពួកគេចូលទៅកាន់កន្លែងធ្វើការងាររបស់ភ្នាក់ងារ និងឯកសារមួយចំនួន ដែលមាននៅទីនោះ ពីចម្ងាយបាន។
