ក្រុមហ៊ុនប្រេង Gazprom របស់រុស្ស៊ី និយាយថា ខ្លួននឹងបូមបរិមាណឧស្ម័នថយចុះទៅកាន់អឺរ៉ុប ឆ្លងកាត់អ៊ុយក្រែននៅថ្ងៃអង្គារនេះ គឺជាថ្ងៃចុងក្រោយមុនផុតកិច្ចព្រមព្រៀងដែលរក្សាលំហូរឧស្ម័នក្នុងរយៈពេលជិត ៣ឆ្នាំនៃសង្រ្គាមរបស់ពួកគេ ។
ក្រុមហ៊ុន Gazprom និយាយថា ពួកគេនឹងបង្ហូរឧស្ម័នត្រឹម ៣៧,២លានម៉ែត្រគូបប៉ុណ្ណោះ នៅថ្ងៃអង្គារនេះ ធៀបនឹងកាលពីថ្ងៃចន្ទមានរហូតដល់ ៤២,៤លានម៉ែត្រគូប ។
លំហូរឧស្ម័ននេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតសូន្យចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥តទៅ ក្រោយផុតកំណត់កិច្ចព្រមព្រៀងឆ្លងកាត់រយៈពេល ៥ឆ្នាំ ។ អ៊ុយក្រែន បានបដិសេធន៍មិនចរចាលើកិច្ចព្រមព្រៀងថ្មី ដោយសារសង្រ្គាមជាមួយរុស្ស៊ី ។
ការបញ្ឈប់ការផ្គត់ផ្គង់ឆ្លងកាត់អ៊ុយក្រែន នឹងក្លាយជាការប៉ះពាល់ធំដល់ប្រទេសម៉ុលដាវី គឺជាប្រទេសមួយធ្លាប់ជាផ្នែកមួយរបស់សហភាពសូវៀត ។ នៅក្នុងចំណោមប្រទេសអឺរ៉ុប ស្លូវ៉ាគី នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ។
ប្រទេសហុងគ្រី នឹងបន្តទទួលបានឧស្ម័នរុស្ស៊ីពីតំបន់ភាគខាងត្បូង ឆ្លងកាត់បំពង់បង្ហូរឧស្ម័ន TurkStream ស្ថិតក្រោមបាតសមុទ្រខ្មៅ បើទោះបីជាពួកគេចង់រក្សាផ្លូវឆ្លងកាត់នៅអ៊ុយក្រែងក៏ដោយ ។
អ៊ុយក្រែន នឹងខាតបង់ប្រាក់ ៨០០លានដុល្លារក្នុង ១ឆ្នាំ ពីថ្លៃឈ្នួលរុស្ស៊ី ខណៈក្រុមហ៊ុន Gazprom បាត់បង់ប្រាក់ជិត ៥ពាន់លានដុល្លារពីការលក់ឧស្ម័នដល់អឺរ៉ុប ឆ្លងកាត់អ៊ុយក្រែន ៕

