ប្រភពសន្តិសុខលីបង់ បានប្រាប់គេហទំព័រសារព័ត៌មាន Elnashra ថា មន្រ្តី និងទាហានស៊ីរីចំនួន១៣នាក់ ដែលបានបម្រើការ ក្នុងជួរកងទ័ពរដ្ឋាភិបាលក្រោមរបបមុន ត្រូវបានឃាត់ខ្លួន នៅព្រំដែនជាមួយប្រទេសលីបង់ ខណៈពេលដែលប៉ុនប៉ងចូលប្រទេសនេះ ដោយខុសច្បាប់។
យោងតាមគាត់បានឲ្យដឹង អ្នកស្រុក បានប្រទះឃើញទាហានស៊ីរីដែលកំពុងរត់គេចខ្លួន នៅក្នុងរថយន្ត ភីកអាប់ ដែលបានឆ្លងកាត់ព្រំដែនក្បែរភូមិ Mish Mish ក្នុងស្រុក Akkar ។ ទាហានទាំងនោះ ត្រូវបានប្រគល់ ទៅឲ្យឆ្មាំព្រំដែនលីបង់។
កាលពីថ្ងៃទី ២៨ ខែធ្នូ អតីតមន្ត្រី និងទាហានស៊ីរីចំនួន ៦៧នាក់ ដែលបានស្វែងរកការជ្រកកោន នៅប្រទេសលីបង់ ត្រូវបាននិរទេសទៅកាន់ប្រទេសស៊ីរី។ ពួកគេត្រូវបានគេនាំទៅស្រុកកំណើតតាមច្រកព្រំដែន Arida នៅភាគខាងជើងប្រទេសលីបង់ ហើយបានប្រគល់ទៅឲ្យក្រុមតំណាងនៃទីបញ្ជាការប្រតិបត្តិការយោធា ក្រោមរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី។
នេះ គឺជាលើកដំបូង ចាប់តាំងពីការដួលរលំនៃរបបរបស់អតីតប្រធានាធិបតី លោក បាសា អាល់អាសាដ នៅពីថ្ងៃទី ០៨ ខែមករា ដែលអតីតមន្ត្រីយោធាស៊ីរីដែលបានភៀសខ្លួនក្នុងប្រទេសលីបង់ ត្រូវបានប្រគល់ឲ្យអាជ្ញាធរថ្មី នៅក្នុងទីក្រុងដាម៉ាស។

