ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា យានដ្រូន ១គ្រឿងរបស់កងទ័ពជើងទឹក បានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ី ១គ្រឿង និងបង្កការខូចខាត ១គ្រឿងទៀត នៅសមុទ្រខ្មៅ។
ទីភ្នាក់ងារចារកម្ម GUR របស់អ៊ុយក្រែន បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា អំឡុងការប្រយុទ្ធគ្នា ក្បែរតំបន់ Cape Tarkhankut នៅឆ្នេរភាគខាងលិចរបស់ឧបទ្វីប Crimea នៅថ្ងៃអង្គារនេះ យានដ្រូនដែនសមុទ្រ Magura V5 បំពាក់មីស៊ីល បានវាយប្រហារឧទ្ធម្ភាគចក្រ Mi-8 របស់រុស្ស៊ី។
ទីភ្នាក់ងារ GUR បានបញ្ជាក់បន្ថែមថា នេះជាលើកទីមួយហើយ ដែលយានដ្រូនរបស់កងទ័ពជើងទឹកអ៊ុយក្រែន បានបាញ់ទម្លាក់គោលដៅដែនអាកាស។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបានឡើយ។
ភ្លាមៗនេះ មិនទាន់មានការអត្ថាធិប្បាយពីរុស្ស៊ីនៅឡើយទេ។ តែលោក Mikhail Razvozhaev អភិបាលក្រុង Sevastopol ដែលត្រូវបានតែងតាំងដោយរុស្ស៊ី នៅឧបទ្វីប Crimea បានប្រាប់ឲ្យដឹងនៅលើ Telegram ថា យានដ្រូនហោះចេញពីនាវាចំនួន ២គ្រឿង ត្រូវបានបំផ្លាញនៅជិតឆ្នេរ នាពេលយប់។
ការបាញ់ធ្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី ដោយយានដ្រូនរបស់កងទ័ពជើងទឹកអ៊ុយក្រែន ក៏ត្រូវបានរាយការណ៍ផងដែរ ដោយអ្នកសរសេរប្លុកយោធាដ៏លេចធ្លោរបស់រុស្ស៊ី លោក Voenny Osvedomitel។ ហើយទីភ្នាក់ងារ GUR បានប្រាប់បន្ថែមថា ឧទ្ធម្ភាគចក្ររុស្សីទី២ បានព្យាយាមបើកដល់អាកាសយានដ្ឋាន បន្ទាប់ពីវាបានរងការខូចខាត ក្នុងការវាយប្រហារនោះ៕


