ក្រុមអាជ្ញាធរឈីលី បានចេញការព្រមានពីរលកសមុទ្រធំៗនៅតាមតំបន់ឆ្នេរទីក្រុងជាច្រើន និងជំរុញប្រជាពលរដ្ឋមិនត្រូវធ្វើដំណើរទៅកាន់ទីនោះជាដាច់ខាត ។
ផ្លូវចូលទៅកាន់តំបន់ឆ្នេរនៅទីក្រុង Vina del Mar ត្រូវបានបិទជាការប្រុងប្រយ័ត្នទុកជាមុន ខណៈពលរដ្ឋមួយចំនួន ដែលមិនខ្វាយខ្វល់ពីការព្រមាន នាំគ្នាទៅកាន់តំបន់ឆ្នេរ ដើម្បីមើលបាតុភូតធម្មជាតិមួយនេះ ។
យោងតាមការព្យាករណ៍របស់ក្រុមអាជ្ញាធរឈីលី បានឲ្យដឹងថា រលកសមុទ្រធំ កាន់តែមានកម្លាំងខ្លាំងនៅថ្ងៃអង្គារនេះ ។
ខណៈពេលនោះដែរ តំបន់ឆ្នេរភាគខាងជើង និងភាគកណ្តាលប្រទេសប៉េរូ បានរងការវាយប្រហារដោយរលកធំៗខុសពីធម្មតាផងដែរ ។
ក្រុមអាជ្ញាធរប៉េរូ បានបិទតំបន់ឆ្នេរជាច្រើនកន្លែង និងកំពង់ផែសមុទ្រចំនួន ៨០កន្លែង ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការបាត់បង់អាយុជីវិតមនុស្សនោះទេ ។
យោងតាមការអះអាងរបស់កងទ័ពជើងទឹកប៉េរូ បានឲ្យដឹងថា រលកសមុទ្រធំៗនេះ នឹងបន្តកើតមានរហូតដល់ថ្ងៃទី ៤ ខែមករា ខាងមុខ ៕


