ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ បាននិយាយថា លោកនឹងមានចំណាត់ការភ្លាមៗ ដើម្បីបំពេញកន្លែងទំនេរ នៅតុលាការធម្មនុញ្ញ ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីការចោទប្រកាន់ទម្លាក់អ្នកកាន់តំណែងមុនចំនួន ២រូប បានបង្កឲ្យមានភាពចលាចលផ្នែកនយោបាយ។

លោក Choi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានក្លាយជាមេដឹកនាំស្តីទី កាលពីថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីមាននូវការចោទប្រកាន់ទម្លាក់តំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលបានធ្វើជាប្រធានាធិបតីស្តីទី ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ នៅពេលដែលលោក Yoon Suk Yeol ត្រូវបានព្យួរអំណាច ក្រោយមានការប៉ុនប៉ងរយៈពេលខ្លី ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។
លោក Choi បាននិយាយថា លោកនឹងតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ២រូប ភ្លាមៗ ហើយទី៣ នៅពេលដែលគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចព្រមព្រៀងគ្នាលើការតែងតាំងបេក្ខជន។
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Choi បាននិយាយថា៖ «ដោយទទួលបានតំណែងជាប្រធានាធិបតីស្តីទី នៅថ្ងៃទី២៧ ខែធ្នូ ខ្ញុំបានសម្រេចចិត្តតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ដោយសារភាពបន្ទាន់ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ខាងនយោបាយ និងជម្លោះសង្គមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនិងដើម្បីទប់ស្កាត់លទ្ធភាពពីការមានវិបត្តិផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន»៕
