ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ២១ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួនជាង២៤ម៉ឺននាក់។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានចេញនៅថ្ងៃនេះ បានឱ្យដឹងថា លទ្ធផលបណ្តោះ អាសន្នរយៈពេល២១ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង២៤ម៉ឺននាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត មានចំនួនជាង១២ម៉ឺននាក់។ អ្នកដែលបានកែតម្រូវទិន្នន័យមានចំនួនជាង៨២ពាន់នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួនជាង៧២ពាន់នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គងសាមីខ្លួន ត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។
ចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែល ទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។
តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយ តម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោតត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១៕
អត្ថបទ៖ បាន ចក់


