ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានចែកចាយទិន្នន័យភាគច្រើននៃជំងឺ COVID-19 និងលទ្ធផលស្រាវជ្រាវនៅក្នុងចំណោមសហគមន៍អន្តរជាតិ ហើយការងារតាមដានប្រភពដើមវីរុសមួយនេះ គួរអនុវត្តនៅក្នុងប្រទេសផ្សេងទៀត ។
ការឆ្លើយតបបែបនេះ បានកើតមានឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានទទូចស្នើដល់ប្រទេសចិនចែករំលែកទិន្នន័យ ដើម្បីជួយស្វែងយល់ពីរបៀបដែលជំងឺ COVID-19 ចាប់ផ្តើមវិវឌ្ឍ រយៈពេល ៥ឆ្នាំបន្ទាប់ពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានរីករាលដាលទូទាំងពិភពលោក ។
ជំងឺ COVID-19 បានសម្លាប់មនុស្សរាប់លាននាក់ ធ្វើឲ្យសេដ្ឋកិច្ចខ្ទេចខ្ទាំ និងបំផ្លាញប្រព័ន្ធសុខាភិបាល ។
អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើពុំមានតម្លាភាព ការចែករំលែក និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានាទេនោះ ពិភពលោកមិនអាចទប់ស្កាត់ និងត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់សម្រាប់ជំងឺរាតត្បាតនាពេលអនាគតឡើយ ។
កាលពីដើមខែនេះ អគ្គលេខាធិការអង្គការ WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ការត្រៀមខ្លួនរបស់ពិភពលោកនៅតែទន់ខ្សោយក្នុងការទប់ទល់នឹងជំងឺរាតត្បាតថ្មី ។
អ្នកនំាពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនចង់ធ្វើការជាមួយភាគីទាំងអស់ ដើម្បីបន្តលើកកម្ពស់ការស្រាវជ្រាវតាមដានវិទ្យាសាស្រ្តសកលលោក ខណៈរួមចំណែកវិជ្ជមានចំពោះការការពារជំងឺឆ្លងនាពេលអនាគត ៕

