នៅថ្ងៃអង្គារនេះ ចិនបានអំពាវនាវដល់សហគមន៍អន្តរជាតិ បោសសម្អាតឲ្យអស់កងកម្លាំងផ្តាច់ខ្លួនគណបក្សអ៊ិស្លាមទួរគីស្ថាន(TIP) ក្រោយប្រភពស៊ីរី បានឲ្យដឹងថា ក្រុមមេដឹកនាំថ្មីស៊ីរី បានដំឡើងស័ក្តិយុទ្ធជនបរទេសមួយចំនួន រួមទាំងក្រុមជីវពលជនជាតិភាគតិចអ៊ុយហ្គួ ទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ ។
យោងតាមប្រភពយោធាស៊ីរី បានឲ្យដឹងថា មេបញ្ជាការក្រុមផ្តាច់ខ្លួន TIP លោក Abdulaziz Dawood Khudaberdi ត្រូវបានដំឡើងស័ក្តិជាឧត្តមសេនីយ៍ទោ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សហគមន៍អន្តរជាតិគួរតែទទួលស្គាល់សារជាតិហិង្សារបស់ចលនាអ៊ិស្លាមទួរគីស្ថានខាងកើត ។
ក្រុមផ្តាច់ខ្លួន TIP និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយលើគេហទំព័ររបស់ពួកគេថា យុទ្ធជនជនជាតិភាគតិចអ៊ុយហ្គួ ២នាក់ទៀត គឺលោក Mawlan Tarsoun Abdussamad និងលោក Abdulsalam Yasin Ahmad ទទួលបានឋានៈជាវរសេនីយ៍ឯក ។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបំពានលើជនជាតិភាគតិចអ៊ុយហ្គួ ដែលជាជនជាតិភាគតិចមូស្លីមរស់នៅតំបន់ភាគខាងលិច Xinjiangរបស់ប្រទេសចិន ប៉ុន្តែចិន បានច្រានចោលរាល់ការបំពានណាមួយ ៕

