ព្រិលធ្លាក់ខ្លាំង នៅតំបន់ភាគខាងជើងនៃប្រទេសជប៉ុន បាននាំឲ្យមានការលុបចោលជើងហោះហើររាប់សិបវ៉ុល នាថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ ខណៈដែលមនុស្សមកពីរាប់លានគ្រួសារ កំពុងវិលត្រលប់ទៅផ្ទះសម្បែងវិញ ដើម្បីចំណាយពេលវិស្សមកាលឆ្នាំថ្មីជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ។
ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន ៤២វ៉ុល ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន ៦.៣៩៨នាក់ គិតត្រឹមមុនរសៀលថ្ងៃនេះ ដោយជើងហោះហើរទាំងអស់ ត្រូវទៅ និងមកពីចុងភាគខាងជើងកោះហុកកៃដូ (Hokkaido)។
គូប្រជែងសំខាន់របស់ខ្លួន គឺក្រុមហ៊ុនអាកាសចរណ៍ ANA ក៏បានលុបចោលជើងហោះហើរចំនួន ១៤វ៉ុលផងដែរ ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន ៨០០នាក់ ដោយសារអាកាសធាតុអាក្រក់ នៅភាគខាងជើង ហើយបានផ្ដល់ដំណឹងដល់អតិថិជនរបស់ខ្លួន អំពីការពន្យារពេលដែលអាចកើតមាន និងការលុបចោលជាច្រើនវ៉ុលទៀត។
បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា កោះហុកកៃដូ និងសហគមន៍ នៅតាមបណ្តោយឆ្នេរភាគខាងជើង ដែលនៅឈមមុខទល់នឹងសមុទ្រជប៉ុន បានជួបប្រទះនឹងខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ខ្លាំង នៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងារអាកាសធាតុ បានឲ្យដឹងថា ព្រិលកម្រាស់ជាង ២០សង់ទីម៉ែត្រ បានធ្លាក់នៅតំបន់ខ្លះនៃកោះហុកកៃដូ ចាប់តាំងពីថ្ងៃចន្ទ (ទី៣០ ខែធ្នូ) ដែលភាគច្រើនធ្លាក់នៅព្រឹកថ្ងៃអង្គារនេះ ដោយទីភ្នាក់បានបន្ថែមថា ការធ្លាក់ព្រិលនេះត្រូវបានរំពឹងថា នឹងបន្តមាននៅថ្ងៃបុណ្យចូលឆ្នាំថ្មី៕


