អាជ្ញាធរ នៅព្រឹកថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបង្កឲ្យមានជាអគ្គិភ័យឆាបឆេះ នៅកន្លែងស្តុកប្រេង ក្នុងតំបន់ Smolensk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី។
អភិបាលតំបន់ Smolensk លោក Vasily Anokhin បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី «បានបំផ្លាញការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន» នៅក្នុងស្រុក Yartsevo។
នៅព្រឹកថ្ងៃអង្គារនេះ លោក Anokhin បានប្រាប់ថា៖ «បំណែកនៃយានដ្រូនមួយគ្រឿង បានធ្លាក់ទៅលើដីនៃកន្លែងស្តុកប្រេងនោះ។ ជាលទ្ធផល ការលេចធ្លាយប្រេង បានកើតឡើង ហើយអណ្ដាតភ្លើងបានចាប់ផ្តើមឆាបឆេះប្រេងឥន្ធនៈ និងប្រេងរំអិល»។
លោកបានបន្ថែមថា សេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅកន្លែងកើតហេតុ ហើយថា មិនមាន «ការគំរាមកំហែង» ដល់អគារលំនៅឋាន នៅក្នុងតំបន់នោះទេ។
នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា យានដ្រូនអ៊ុយក្រែនចំនួន ៦៨គ្រឿង ត្រូវបានទម្លាក់ ពេញមួយយប់ ដោយ ១០គ្រឿង ត្រូវបានបំផ្លាញ នៅតំបន់ Smolensk ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ នៅភាគខាងជើងអ៊ុយក្រែន និងជាប់ព្រំដែនប្រទេសបេឡារុស៕

