នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក នាថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា គ្មាននរណាម្នាក់ អាចមកបញ្ឈប់ «ការបង្រួបបង្រួម» របស់ប្រទេសចិន ជាមួយកោះតៃវ៉ាន់បាននោះឡើយ ដោយចេញការព្រមានយ៉ាងច្បាស់ៗ ចំពោះអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាកងកម្លាំងគាំទ្រឯករាជ្យ ទាំងនៅក្នុង និងក្រៅកោះដែលមានប្រជាជន ២៣លាននាក់មួយនេះ។
កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធា នៅក្បែរៗកោះតៃវ៉ាន់ ដោយបានបញ្ជូននាវាចម្បាំង និងយន្តហោះស្ទើរតែរាល់ថ្ងៃចូលទៅក្នុងដែនទឹក និងដែនអាកាស ជុំវិញកោះនេះ ជាអ្វីដែលមន្ត្រីកោះតៃវ៉ាន់ចាត់ទុកថា ជាកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយ ដើម្បី «ធ្វើឲ្យមានភាពប្រក្រតី» ចំពោះវត្តមានយោធារបស់ចិន។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួន។ ប៉ុន្តែរដ្ឋបាលរបស់កោះតៃវ៉ាន់ បានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំង ហើយនិយាយថា មានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន ហើយទីក្រុងប៉េកាំងគួរតែគោរពជម្រើសរបស់ប្រជាជនកោះនេះ។

នៅក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋចិន លោក ស៊ី បានថ្លែងថា៖ «ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាគ្រួសារតែមួយ។ គ្មាននរណាម្នាក់អាចបំបែកចំណងគ្រួសាររបស់យើងបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់និន្នាការជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនេះបាននោះដែរ»។
គួររំលឹកថា នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក កាលពីឆ្នាំមុន លោក ស៊ី បាននិយាយថា «ការបង្រួបបង្រួម» របស់ប្រទេសចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងចៀសមិនរួចនោះឡើយ ហើយប្រជាជនទាំងសងខាង «គួរតែត្រូវបានចងភ្ជាប់ ដោយគោលបំណងរួម និងការចែករំលែកនៅក្នុងភាពរុងរឿងនៃការស្តារប្រជាជាតិចិនឡើងវិញ»។
ភាពតានតឹង បានបន្តកើនឡើងពេញមួយឆ្នាំ នៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ជាពិសេសបន្ទាប់ពីលោក Lai Ching-te ដែលត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា ជា «អ្នកបំបែកខ្លួន» បានក្លាយជាមេដឹកនាំចុងក្រោយបង្អស់របស់កោះនេះ កាលពីខែឧសភា។
ប្រទេសចិនដែលមិនបានបដិសេធចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកក៉តៃវ៉ាន់មកឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បានធ្វើសមយុទ្ធចំនួន ២ដង នៅជុំវិញកោះនេះ ក្នុងឆ្នាំនេះ ដោយនិយាយថា សមយុទ្ធនេះ ជាការព្រមានប្រឆាំងនឹង «អំពើផ្តាច់ខ្លួន» ហើយបានប្តេជ្ញាថា នឹងចាត់វិធានការបន្ថែមទៀតប្រសិនបើចាំបាច់។
ហើយការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ទំនាក់ទំនងកោះតៃវ៉ាន់ ក៏បានបន្តធ្វើឲ្យទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងផងដែរ៕
