នៅក្នុងឆ្នាំទី ២នៃការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា អាកាសធាតុអាក្រក់ពេលដែលមានភ្លៀងធ្លាក់អំឡុងរដូវរងា បានបន្ថែមទុក្ខលំបាក និងការឈឺចាប់ដល់ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបានជម្លៀសខ្លួនច្រើនលើកនៅក្នុងតំបន់ហ្កាហ្សា ខណៈកិច្ចខិតខំស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ នៅពុំទាន់មើលឃើញកោះត្រើយ ។
កាលពីថ្ងៃចន្ទម្សិលមិញ អាកាសធាតុត្រជាក់នៅតំបន់ហ្កាហ្សា បានឆក់យកជីវិតទារកម្នាក់ ដែលជាទារកទី ៦ បានស្លាប់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ស្របពេលអ៊ីស្រាអែល បន្តការវាយប្រហារឥតឈប់ឈររបស់ពួកគេលើមន្ទីរពេទ្យនៅទូទាំងដែនដីបិទច្រកមួយនេះ ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ទារក Ali al-Batran អាយុ ១ខែ បានស្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងមន្ទីរពេទ្យ Al-Aqsa Martyrs ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
ឪពុករបស់ទារកនិយាយថា កាលពីរយៈពេល ១ថ្ងៃមុន បងប្អូនភ្លោះ Jumaa al-Batranរបស់កូនគាត់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់នៅក្នុងសំពត់តង់គ្រួសារជម្លៀសខ្លួនរបស់លោក ស្ថិតក្នុងជំរំ Deir el-Balah ។ ទារកទាំង ២នាក់ កើតមិនគ្រប់ខែនោះទេ ។
កងកម្លាំងអ៊ីស្រាអែល បានធ្វើឲ្យមនុស្សស្ទើតែ ២,៣លាននាក់នៅក្នុងតំបន់ហ្កាហ្សា ជម្លៀសខ្លួន បង្ខំឲ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ រស់នៅក្នុងសំពត់តង់បណ្តោះអាសន្ន តាមជំរំកណ្តាលវាល ជាមួយនឹងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅតាមតំបន់ឆ្នេរសមុទ្រ ។
ដោយឡែក អ្នកស្រី Noura al-Batran ដែលជាម្តាយរបស់ទារក Jumaa និយាយា ចាប់តាំងពីគាត់ដឹងក្តីមក គាត់អាចស៊ូទ្រាំបានអាកាសធាតុអាក្រក់បែបនេះ ប៉ុន្តែហេតុអ្វីបានជាកូនតូចអត់ទាន់ដឹងក្តី របស់គាត់ បែរជាត្រូវស៊ូទ្រាំនឹងរឿងរ៉ាវបែបនេះទៅវិញ? កូនរបស់គាត់មិនអាចស៊ូទ្រាំបានទេ កូនមិនអាចស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងបែបនេះបានទេ ឬភាពស្រេកឃ្លាន និងភាពអស់សង្ឃឹមមួយនេះ ៕


