ពលរដ្ឋរស់នៅតំបន់ហ្កាហ្សា សង្ឃឹមថា ឆ្នាំថ្មី នឹងនាំមកនូវស្ថិរភាព និងសន្តិភាពក្នុងដែនដីបិទច្រកមួយនេះ ។
ក្នុងឆ្នាំទី ២នៃការសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា អាកាសធាតុអាក្រក់ពេលដែលមានភ្លៀងធ្លាក់អំឡុងរដូវរងា បានបន្ថែមទុក្ខលំបាក និងការឈឺចាប់ដល់ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបានជម្លៀសខ្លួនច្រើនលើកនៅក្នុងតំបន់ហ្កាហ្សា ខណៈកិច្ចខិតខំស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ នៅពុំទាន់មើលឃើញកោះត្រើយ ។
នៅទីក្រុង Khan Younis សំពត់តង់រាប់សិបកន្លែង ដែលភាគច្រើនរហែកស្ទើលែងប្រើប្រាស់បានអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានខ្យល់បក់ប៉ើងទៅអស់ ឬរងការជន់លិច ក្រោយពេលមានភ្លៀងធ្លាក់ ធ្វើគ្រួសារប៉ាឡេស្ទីនពិបាកជួសជុលការខូចខាត ឬបិតបាំងកន្លែងខូច ។
អ្នកស្រី Samira Al-Ashqar គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ពួកយើងរស់នៅទីនេះ ក្នុងស្ថានភាពរងាខ្លំាង និងស្រេកឃ្លាន ខ្វះខាតសម្លៀកបំពាក់ ភួយដណ្តប់ និងពូក ។
អ្នកស្រីបន្តថា ភ្លៀងបានធ្លាក់ពេញមួយយប់ ខណៈដំបូលតង់របស់ពួកយើងរហែក ។ កាលពីឆ្នាំមុន ពួកយើងរស់នៅក្នុងទីក្រុង Rafah ក្រោយមកជម្លៀសខ្លួនទៅកាន់ទីក្រុង Beit Lahia ហើយក្រោយមកទៀត ពួកយើងផ្លាស់មកទីក្រុង Rafah តែចុងក្រោយពួកយើងជម្លៀសមកកាន់ទីក្រុង Khan Younis នេះតែម្តង ។ ពួកយើងមិនដឹងថាតើជោគវាសនារបស់ពួកយើងនឹងក្លាយជាយ៉ាណាទៀតនោះទេ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា យុទ្ធនាការសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៥.៥០០នាក់ និងធ្វើឲ្យតំបន់បិទច្រកមួយនេះ ក្លាយជាគំនរបាក់បែក ៕



