ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា ប្រទេសចិន និងរុស្ស៊ី តែងតែធ្វើដំណើរឆ្ពោះទៅមុខជាមួយគ្នា នៅលើមាគ៌ាដ៏ត្រឹមត្រូវ ដោយការលើកឡើងនេះកើតមានប៉ុន្មានខែបន្ទាប់ពីប្រទេសទាំង២ បានឈានដល់ «ភាពជាដៃគូជាយុទ្ធសាស្ត្រសម័យថ្មី» លើបញ្ហាសំខាន់ៗជាច្រើន។
គួររំលឹកថា មេដឹកនាំទាំង២ បានព្រមព្រៀងគ្នាកាលពីខែឧសភា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យ នានាដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដូចជាបញ្ហាកោះតៃវ៉ាន់ អ៊ុយក្រែន និងគូប្រជែងរួមគ្នា គឺសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ក៏បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំទីក្រុងប៉េកាំងផងដែរ ដែលបាននិយាយកាលពីថ្ងៃទី២៧ ខែធ្នូថា លោក ស៊ី នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២៥។
អំឡុងការប្ដូរសារស្វាគមន៍ឆ្នាំថ្មីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) លោក ស៊ី បានកោតសរសើរ ចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមក និងការសម្របសម្រួលជាយុទ្ធសាស្រ្ត រវាងប្រទេសទាំង២ ហើយបានបង្ហាញពីបំណងចង់បន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន។
លោក ស៊ី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី ក្នុងវិស័យផ្សេងៗ នឹងបន្តនាំទៅរកឱកាសអភិវឌ្ឍន៍ថ្មីៗ។ ប្រធានាធិបតីចិន ត្រូវបានទទួលនៅឯវិមានក្រឹមឡាំងថា ជា «មិត្តជាទីស្រឡាញ់» ក្នុងឆ្នាំ២០២៣ បន្ទាប់ពីលោកបានឈ្នះអាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក៕