កណ្ដាល ៖ បណ្តាកុមារតូចៗ នៅតាមបណ្តាសាលារៀនមួយចំនួន បានចាប់ផ្តើមប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាប័ណ្ណថតចម្លង(ហ្វូតូកូពី) ពាក់ពេលចូលរៀន ក្រោមការជួយរៀបចំពីលោកគ្រូអ្នកគ្រូ និងអាណាព្យាបាល។
បណ្តាកុមារតូច និងសាលារៀនមួយចំនួន ក្រុងតាខ្មៅ នៃខេត្តណ្តាល នៅថ្ងៃទី៣ ខែវិច្ឆិកានេះ កត់សំគាល់ឃើញថា បានចាប់ផ្តើមធ្វើការណែនាំដល់កុមារតូច និងអាណាព្យាបាលកូនតូច ជួយរៀបចំកូពីប័ណ្ណចាក់វ៉ាក់សំាងការពារកូវីដ-១៩អោយកូនតូច ពាក់ចូលរៀនជំនួសអោយប័ណ្ណចាក់វ៉ាក់សាំងច្បាប់ដើម ដើម្បីពាក់និងការពារការបាត់បង់ ឬត្រូវទឹកភ្លៀងសើមឲ្យខូចប័ណ្ណចាក់វ៉ាក់សាំងច្បាប់ដើម ។
ការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងពេលចូលរៀននេះ ឲ្យប្រាកដថាកុមារតូច ចាប់ពីអាយុ៦ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងរួចរាល់ ទទួលបានការការពារ និងចូលរួមអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ-១៩ និងការរៀនតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។
ចំណែកឯកុមារតូចនៅកំរិតមត្តេយ្យសិក្សាវិញក៏បានចូលរៀនវិញផងដែរ ពួកគេមួយចំនួនមិនទាន់បានចាក់វ៉ាក់សាំងទេ ខណៈដែលរាជរដ្ឋាភិបាលទើបចាប់ផ្តើមបើកចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ៥ឆ្នាំបន្តទៀត។ ចំពោះកុមារក្រោម៥ឆ្នាំដែលមិនទាន់បានចាក់ក៏បានចូលរៀនដែរ ដោយត្រូវបានតាមដានជាប់ជាប្រចាំពីសំណាក់លោកគ្រូអ្នកគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលរបស់ពួកគេ។
កុមារតូច និងអាណាព្យាបាល ក៏បានសូមថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានស្វែងរកចាក់ជូនមនុស្សចាស់ ហើយចុងក្រោយក៏បាននិងកំពុងដំណើរការចាក់ជូនកុមារតូចៗទៀត និងបានបើកឱកាសអោយពួកគេបានចូលរៀននៅពេលនេះ។
សូមបញ្ជាក់ថា ដើម្បីពន្លឿននិងសំរុកចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកុមារតូចអាយុ ៥ឆ្នាំឲ្យបានលឿន អាជ្ញាធរក៏បានអំពាវនាវអោយអាណាព្យាបាលនាំកូនតូចអាយុ៥ឆ្នាំទៅចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា ដើម្បីទទួលបានការការពារ បង្កើនប្រព័ន្ធភាពសាំ និងទប់ស្កាត់ការរាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ព្រមទាំងអាចអោយកុមារចូលរៀនប្រកបដោយសុវត្ថិភាព៕
អត្ថបទ ស៊ុម សុខជា